ព័ត៌មានទាន់ហេតុការណ៍៖

ទុកកាបូបស្ពាយលើក្បាលរថយន្ត ត្រូវជនសង្ស័យ២នាក់លូកយកទៅបាត់ជិត៨០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ ត្រូវជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចលូកយកកាបូបលុយអស់៨០០$ ខណៈដែរគាត់យកកាបូបស្ពាយមកដាក់លើក្បាលរថយន្តរបស់គាត់ បានសម្រេចហើយជិះគេចខ្លួនបាត់ដោយសុវត្តិភាព កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​នឹងថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៩ ត្រង់ចំណុចស្តុបសាលាបឋមសិក្សាទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះឈ្មោះ ហ .ស.អ ស្នាក់នៅផ្ទះតាមបណ្តោយផ្លូវ៩០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកសម្ភារៈបាត់បង់៖ កាបូបមានលុយ មានប្រាក់ក្នុងនោះ ៨០០ដុល្លារ (តម្លៃកាបូបចំនួន២០០ដុល្លារ) អត្តសញ្ញាណប័ណ្ណ និងឯកសារផ្សងទៀត ។

តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ច ខណ្ឌឫស្សីកែវឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានគ្រាជីដូន ដាក់បាតព្រះសង្ឃ ដោយខណៈនោះ គាត់បានទុកកាបូបស្ពាយនៅលើក្បាលរថយន្ត ហើយគាត់ចូលក្នុងរថយន្ត បំណងបើកចេញក្រៅផ្ទះយកលុយ ទៅវេផ្ញើឲ្យគេ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូស្កុបពីមួយគ្រឿង មិនចាំស្លាកលេខ និងពាក់មួកសុវត្ថិភាព បានលូកដៃយកកាបូបគាត់នៅលើក្បាលរថយន្ត រួចជិះម៉ូតូគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដើម្បីជួយធ្វើអន្តរាគមន៍ផងដែរ ៕ អារុណរះ


ចែករំលែក៖