ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល ខណ្ឌដូនពេញ ឃាត់ខ្លួនមុខសញ្ញាប្លន់ និង ជួញដូរគ្រឿងញៀនដ៏សកម្មនៅប្លុកបឹងកក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញា ប្រើដាវធ្វើសកម្មភាពកាប់ប្លន់ពលរដ្ឋនាពេលយប់នៅផ្លូវរថភ្លើង និងជួញដូរគ្រឿងញៀនដ៏សកម្មនៅប្លុកបឹងកក់ ត្រូវកម្លាំងសមត្ថកិច្ច ខណ្ឌដូនពេញ បានឃាត់ខ្លួនជាក់ស្តែងព្រមទាំងដកហូតថ្នាំញៀនចំនួន១២៤កញ្ចប់ និង២កញ្ចប់ធំ ។

ប្រតិបត្តិការបង្រ្កាបជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២ និង១០នាទីរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​ និង ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវរថភ្លើង R6 (ក្តាន់ពីរ) ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ លឹម រតនា ហៅ អាពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ស្នាក់នៅបន្ទប់ជួលទីតាំងខាងលើ ។

លោក ម៉ៅ ចាន់ថុន អធិការរងទទួលបន្ទុកផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានឲ្យដឹងថា ដោយអនុវត្តន៍តាមបញ្ជាដឹកនាំរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ បានជំរុញឱ្យអធិការ ខណ្ឌទាំង១២ បើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរ នូវសារធាតុញៀនដោយខុសច្បាប់ ។

ក្រោយមកកម្លាំងសមត្ថកិច្ច ខណ្ឌដូនពេញ បានចុះប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាប្រើដាវធ្វើសកម្មភាពកាប់ប្លន់យកទ្រព្យសម្បត្តិពលរដ្ឋនាពេលយប់នៅផ្លូវរថភ្លើង និងជាមុខសញ្ញាជួញដូរគ្រឿងញៀន ព្រមទាំងដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន១២៤កញ្ចប់ ក្នុងនោះមាន២កញ្ចប់ធំ, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២គ្រឿង, ដាវកែឆ្នៃចំនួន៤ដើម, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវកម្លាំងសមត្ថកិច្ច បញ្ជូនទៅ ឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ស តារា


ចែករំលែក៖