វិវាទនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា កាន់តែតានតឹងខ្លាំងឡើង ហើយអាមេរិក និងរុស្ស៊ីបានចោទប្រកាន់គ្នាទៅវិញទៅមក ពីការជ្រៀតជ្រែកចូលក្នុងប្រទេសវេណេហ្ស៊ុយអេឡា ។ ភាគីរុស្ស៊ីបានស្នើដល់អាមេរិក ឲ្យបញ្ឈប់ការលូកដៃ ចូលកិច្ចការផ្ទៃក្នុង ប្រទេសនេះ ។ ចំណែកអាមេរិក វិញក៏ដូចគ្នានោះដែរ បានព្រមានដល់រុស្ស៊ី មិនត្រូវ ពាក់ព័ន្ធ នឹងវេណេហ្ស៊ុយអេឡាទៀតឡើយ ។
រយៈពេលកន្លងមក រុស្ស៊ី បានបំផ្លាញនយោបាយឈ្លានពាន របស់អាមេរិកជាច្រើនលើក ក្នុងនោះមានប្រទេសស៊ីរីជាដើម ដោយរុស្ស៊ីទប់ស្កាត់គោលបំណងផ្លាស់ប្តូរ រដ្ឋាភិបាល ដែលប្រឆាំងអាមេរិក ដោយដាក់រដ្ឋាភិបាល ស្និទ្ធ នឹងអាមេរិក វិញម្តង ។
ពាក់ព័ន្ធ នឹងការធ្វើរដ្ឋប្រហារ មិនបានសម្រេច ពីរលើកកន្លងមក គឺទី១នៅក្នុងប្រទេសតួកគី ដោយក្រុមចារកិច្ចរុស្ស៊ីបានផ្តល់ដំណឹងទាន់ពេលវេលា ដល់រដ្ឋាភិបាលរបស់ប្រធានាធិបតី អ៊ីដូហ្គាន ទើបអាចទប់ស្កាត់ សកម្មភាពធ្វើរដ្ឋប្រហារដោយជោគជ័យ ។ ចំណែកមេដឹកនាំធ្វើរដ្ឋប្រហារវិញ បានភៀសខ្លួនទៅរស់នៅអាមេរិក រហូតមកទល់ពេលនេះ ។
ចំណែកនៅក្នុងប្រទេសស៊ីរី ក៏ដូចគ្នានោះដែរ ហើយពេលនេះគឺវេណេហ្ស៊ុយអេឡា អាមេរិកបានបំផ្លោងព័ត៌មានស្តីពីការធ្វើរដ្ឋប្រហារនៅវេណេហ្ស៊ុយអេឡា ។ នៅពេលនោះដែរ មេដឹកនាំវេណេហ្ស៊ុយអេឡា លោក ម៉ាឌូរ៉ូ បានត្រៀមភៀសខ្លួនចេញទៅកាន់ប្រទេស គុយបា ប៉ុន្តែ ត្រូវបានរុស្ស៊ី រារាំងទាន់ពេលវេលា កុំអ៊ី ក្រុមប្រឆាំងបានសម្រេចគោលដៅ ធ្វើរដ្ឋប្រហារ ។
ចំណុចទាំងនោះហើយបានធ្វើឲ្យអាមេរិក និងរុស្ស៊ីប្រឈមមុខតានតឹងដាក់គ្នាជាថ្មី ។ នៅពេលកំពុងតានតឹង អាមេរិកបានបាញ់សាកល្បង កាំជ្រួចមីស៊ីលឆ្លងទ្វីប បំពាក់ក្បាលគ្រាប់បរមាណូ ICBM ប្រភេទ Minuteman III ។ ក្នុងពេលជាមួយគ្នានេះដែរ រុស្ស៊ីក៏បានបង្ហាញមីស៊ីលទំនើប វាយប្រហារនៅគ្រប់គោលដៅក្នុងទឹកដីអាមេរិក ។
សារព័ត៌មាន RT បានផ្សាយថា កាំជ្រួចមីស៊ីល Minuteman III បានបាញ់ចេញពីទីតាំងទ័ពអាកាស Vandenberg រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី១ខែឧសភា (ត្រូវ និងថ្ងៃទី២ នៅកម្ពុជា) ។ មីស៊ីលខាងលើបានបំផ្លាញចំគោលដៅនៅលើកោះ Kwajalein តំបន់អាស៊ីប៉ាស៊ីហ្វិកមានចម្ងាយ ៦៨០០គីឡូម៉េទ្រ ។
កម្លាំងទាហានអាមេរិកបានប្រកាសថា សកម្មភាពសាកល្បងខាងលើ គឺដើម្បីត្រួតពិនិត្យគម្រិតសុវត្ថិភាព របស់ Minuteman III ។ អាវុធនេះគឺជាផ្នែកមួយនៃ អាវុធបរមាណូរបស់អាមេរិក ក្នុងនោះមាន យន្តហោះចម្បាំង B-52 និងនាវាចមុជទឹក Ohio ដែលបានដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ១៩៧០ ។
កាំជ្រួចមីស៊ីលខាងលើ អាចបាញ់បានចម្ងាយឆ្ងាយបំផុតគឺ ១៣.០០០គីឡូម៉ែត្រ ក្នុងល្បឿន Mach 15 (លឿងជាងសំឡេង១៥ដង) អាចបំពាក់ក្បាលគ្រាប់W87 មានកម្លាំងបំផ្លាញស្មើ និង៤៧៥ពាន់គីឡូក្រាមម្សៅ TNT ។
អាមេរិកមានមីស៊ីលប្រភេទMinuteman III ប្រមាណ៤៥០គ្រាប់ ដាក់ពង្រាយគ្រប់ទិសទី ក្នុងទឹកដីអាមេរិក ។ ជារៀងរាល់ឆ្នាំអាមេរិក បាញ់សាកល្បង ពី១ទៅ២គ្រាប់ ដើម្បីត្រួតពិនិត្យសវុត្ថិភាព ។ កាលពីឆ្នាំ២០១៨ អាមេរិកបានសម្រេចបំផ្ទុះបំផ្លាញចោលពេលកំពុងហោះហើរនៅលើអាកាស ដោយសារតែកំហុសបច្ចេកទេស ។
ពាក់ព័ន្ធ និងវិវាទនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡាវិញ អាមេរិកកំពុងតែចាត់វិធានការ ចាំបាច់ជួយដល់មេបក្សប្រឆាំងលោក កៃដូ ឡើងកាន់អំណាចដឹកនាំវេណេហ្ស៊ុយអេឡា ដោយមិនអនុញ្ញាតឲ្យរុស្ស៊ីបំផ្លាញដូចមុនទៀតឡើយ ។
នៅពេលនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានថ្លែងថា សកម្មភាពយោធានៅក្នុង ប្រទេសវ៉េណេហ្ស៊ុយអេឡា គឺអាចធ្វើទៅបាន “ប្រសិនបើនោះជាអ្វីដែលត្រូវការ ប៉ុន្តែគាត់ចង់ធ្វើអន្តរកាល ដោយសន្តិភាព” ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ បានឱ្យដឹង ដោយផ្អែកតាមការ លើកឡើងរបស់លោក Pompeoថា «សកម្មភាពយោធាអាចធ្វើទៅបាន ។ ប្រសិនបើនោះគឺជាអ្វីដែល ត្រូវបានទាមទារនោះហើយ គឺជាអ្វីដែលសហរដ្ឋអាមេរិក និងធ្វើ” ។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីលោក Pompeo បានប្រាប់ទូរទស្សន៍ CNN ថា កាលពីពេលមុននេះលោកម៉ាឌូរ៉ូ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាកចេញពីប្រទេស ទៅប្រទេស គុយបា ដោយសារតែការប៉ុនប៉ង ធ្វើរដ្ឋប្រហារតែ ប៉ុន្តែត្រូវរុស្ស៊ីបញ្ចុះបញ្ចូល ដោយនៅវ៉េណេស៊ុយអេឡា ដដែល ។
លោកប្រធានាធិបតីនីកូឡាម៉ាឌូរ៉ូ បានរិះគន់ចំពោះការអះអាង បែបនេះរបស់លោក Pompeo ដោយលោកថា នេះជាការនិយាយកុហក និងឧបាយកល ។ រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយ អេឡាលោក Jorge Arreaza បាននិយាយថា “ព័ត៌មានក្លែងក្លាយគឺជា វិធីមួយដ៏ក្រៀមក្រំ ដើម្បីទទួលស្គាល់ថា រដ្ឋប្រហារដែលគាំទ្រដោយ សហរដ្ឋអាមេរិកបានបរាជ័យ” ។
ជាមួយគ្នានេះដែរ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានប្រជំរុញឲ្យប្រធានាធិបតីដូណាលត្រាំ ជ្រៀតជ្រែកដោយយោធានៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ។
សារព័ត៌មាន The Washington Post បានដកស្រងសម្តីទីប្រឹក្សាសន្តិសុខជាតិអាមេរិកបញ្ជាក់ថា ប្រធានាធិបតីគួរតែប្រើប្រាស់កម្លាំងនៅវេណេហ្ស៊ុយអេឡា ។ ប៉ុន្តែប្រធានាធិបតីដូណាលត្រាំវិញ មិនចង់ប្រើកម្លាំងនោះឡើយដោយដាក់ទណ្ឌកម្មទៅលើយោធាវេណេហ្ស៊ុយអេឡាវិញ ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក មិនចង់ឲ្យអូសបន្លាយពេលវេលានៅក្នុងប្រទេសវេណេហ្ស៊ុយអេឡាទៀតឡើយ អាច និងខកបំណង ជាថ្មី៕