ភ្នំពេញ៖ បុរសម្នាក់ ជាប់ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសក្លែងឯកសារ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនតាមដីកា រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ កាលពីរសៀលថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរសំរឹទ្ធិស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យឈ្មោះភ័ណ្ឌ សុភ័ក្រ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
ប្រភពដដែលបន្តថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើនេះ កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស ឯកសារ និងប្រើប្រាស់លិខិតសាធារណៈក្លែង ប្រព្រឹត្ដិកាលពីអំឡុង ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្ដព្រះសីហនុ ។ ដោយរឿងក្ដីនេះ ត្រូវចាត់បញ្ជូនឲ្យលោកព្រះរាជអាជ្ញារង ប្លង់ សុផល ដើម្បីសាកសួរ ។
ដោយឡែកយោងតាមប្រភពពីមន្រ្តីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ លោកព្រះរាជអាជ្ញារង ប្លង់ សុផល បានសម្រេចចោទប្រកាន់ឈ្មោះ ភ័ណ្ឌសុភ័ក្រ ពីបទក្លែងឯកសារ ហើយបញ្ជូនសំណុំរឿង និងជនត្រូវចោទឲ្យចៅក្រមស៊ើបសួរសម្រេចតាមនីតិវិធី ៕ស រស្មី