ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យ ផ្ទុះអាវុធជាច្រើនគ្រាប់ដើម្បីបង្ក្រាបក្រុមក្មេងស្ទាវ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងល្បាតរបស់នគរបាលខណ្ឌពោធិ៍សែនជ័យ បានជិះដេញស្ទាក់ចាប់ខ្លួនយុវជន៤នាក់ដែលសង្ស័យ តែពួកគេមិនឲ្យឆែក ក៏បង្កហិង្សា វាយតប់គ្នាទៅវិញទៅមក រហូតសមត្ថកិច្ចបានផ្ទុះអាវុធចំនួន៥ទៅ៦គ្រាប់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង២រំលង អធ្រាត្រ ឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ នៅក្បែរបន្ទាយ99 តាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជន៤នាក់ ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាកហុងដាឌ្រីម និងមួយគ្រឿងទៀត ម៉ាកហុងដា BET ត្រូវបានកម្លាំងសមត្ថកិច្ចប្រដេញ និងកាក់ឲ្យឈប់នៅត្រង់ចំណុចកើតហេតុខាងលើដើម្បីឆែកឆែរ ក៏ប៉ុន្តែយុវជនទាំង៤នាក់ខាងលើមិនឲ្យសមត្ថកិច្ចឆែកឆែរនោះទេ ព្រមទាំងឈ្លោះគ្នាជាមួយសមត្ថកិច្ចជាខ្លាំង និងបង្កជាហិង្សាវាយតប់គ្នារវាងសមត្ថកិច្ច នឹងយុវជនខាងលើបណ្ដាលឲ្យយុវជនម្នាក់របួសបែកក្បាល និងសមត្ថកិច្ចរងរបួសត្រង់ក្ដោងច្រមុះ ។

ក្នុងករណីខាងលើ ក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ដែលនៅក្បែរនោះបានជួយហាមឃាត់ដែរ ព្រមទាំងសមត្ថកិច្ចជាច្រើននាក់បានចុះមកជួយអន្តរាគមន៍ តែយុវជនទាំង៤នាក់ខាងលើមិនសុខចិត្ត ក៏បានឈ្លោះជាមួយសមត្ថកិច្ចបន្ថែមទៀត ព្រមទាំងមានបក្សពួកជាច្រើននាក់មកជាមួយ ទើបធ្វើឲ្យសមត្ថកិច្ចផ្ទុះអាវុធចំនួន៥ទៅ៦គ្រាប់ ដើម្បីបំបែកក្រុមយុវជនខាងលើ ហើយឃាត់ខ្លួនបានមនុស្ស៤នាក់ដឹកយកទៅប៉ុស្ដិ៍នគរបាលរដ្ឋបាល កាកាប១ ដើម្បីសាកសួរបន្ត ៕ សុខាសែនជ័យ

 


ចែករំលែក៖