ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍នគរបាលស្រុកក្រគរអះអាងថា បុរសប្រពន្ធ ៣ និងមានកូនប្រុសស្រីចំនួន ៨នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍បុកលូធ្កាក់ទឹកប្រឡាយបណ្ដាលឲ្យស្លាប់ សង្ស័យបើកបរក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ។
របាយការណ៍នគរបាលខាងលើបន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរសម្នាក់ស្លាប់ចោលប្រពន្ធដល់ទៅចំនួន ៣នាក់ និងមានកូនប្រុសស្រីចំនួន ៨នាក់ក្នុងបន្ទុកខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងប្រមាណ៩ និង០០នាទី យប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចលូប្រឡាយទឹកត្រាំម្នាស់ ស្ថិតក្នុងភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
របាយការន៍នគរបាលដដែលបន្តទៀតថា មុនកើតហេតុ គេឃើញជនរងគ្រោះ (ស្លាប់) ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុ បុកឃឿនលូ ដែលគេសាងសង់រៀងខ្ពស់ជាងផ្លូវបន្តិច បណ្ដាលឲ្យជ្រុះធ្លាក់ចូលប្រឡាយទឹកទាំងម៉ូតូទាំងជនរងគ្រោះ បណ្ដាលឲ្យបាត់បង់ជីវិតយ៉ាងសង្វេគ ។
ក្នុងរបាយការណ៍បញ្ជាក់បន្ថែមទៀតថា ជនរងគ្រោះ (ស្លាប់) ឈ្មោះ អៀង ហួន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជនរងគ្រោះគាត់មានប្រពន្ធរហូតដល់ទៅចំនួន ៣នាក់ ប្រពន្ធទី១ មានកូនចំនួន ០៧នាក់ ប្រុសចំនួន ០២នាក់ ប្រពន្ធទី២ មានកូនស្រីម្នាក់ និងប្រពន្ធទី៣ គ្មានកូននោះទេ សាកសពបុរសប្រពន្ធបី និងម៉ូតូធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសារសាច់ញាត្តិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន