ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខណ្ឌចំការមន ឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាព ឆក់យកទូរសព័្ទ ពីនារីម្នាក់បានសម្រេច ហើយជិះរត់គេចខ្លួនទៅបុករថយន្ត របស់អ្នកធ្វើដំណើរតាមផ្លូវ ។
ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ៩ និង៥៤នាទី យប់ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៩ មុខផ្ទះ ហាង លក់ ផ្លែឈើស្រីមុំ ផ្ទះលេខ៤៦២DEo ផ្លូវ ព្រះសីហនុ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។ ជនរងគ្រោះមានឈ្មោះ ងឹម ឆវី ភេទស្រី អាយុ ២០ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ជិះម៉ូតូម៉ាក TODAY ពណ៌ប្រផេះ ពាក់ស្លាក់លេខ ភ្នំពេញ 1HN 6564 ។
ដោយឡែក ជនសង្ស័យវិញ មានឈ្មោះ វង្ស លីដា ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ ជាងឡាន ស្នាក់យានដ្ឋាន ទូចនាង ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ មាន ស្រុកកំណើត ភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង (ជាអ្នកធ្វើសកម្មភាព ) ចំណែកម្នាក់ទៀតមានឈ្មោះ ទូច វលក្ត័ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ ជាងឡាន ស្នាក់នៅ ជាមួយ ជនសង្ស័យខាងលើ មាមាន ស្រុកកំណើត សង្កាត់លេខ១ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ច ដកហូត ម៉ូតូម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1O 6105 ជារបស់ជនសង្ស័យ ព្រមទាំង ទូរសព្ទ័ ម៉ាក OPPO a3s មួយគ្រឿង ជារបស់ជនរងគ្រោះ ។
តាមសម្តី នារីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ បានជិះម៉ូតូ ម៉ាក TODAY ចេញពីផ្ទះ នៅម្តុំទួលគោក គោលបំណង ទៅលេងប្តី នៅកោះពេជ្រ ដោយបានធ្វើដំណើរឆ្លងកាត់ តាមផ្លូវ ព្រះសីហនុ ក្នុងទិសដៅ ពីលិចទៅកើត ខណៈមកដល់ជិតចំនុចកើតហេតុ ក៏ស្រាប់តែបុរសជាជនសង្ស័យ ២នាក់ បានជិះតាមមកពីក្រោយ រួចហើយ ក៏បានធ្វើសកម្មភាព ឆក់ទូរសព្ទ័ ដៃម៉ាក OPPO របស់គាត់ ដែលកំពុង កាន់និយាយ បានសម្រេច រួចហើយ ក៏បានបន្ថែមល្បឿនម៉ូតូបើករត់គេចខ្លួន ក៏ជ្រុលទៅបុក និងរថយន្ត មិនចាំម៉ាកមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នា ពីក្រោយបណ្តាលឲ្យដួលម៉ូតូ ហើយភ្លាមៗនោះដែរ គាប់ជួន កម្លាំងល្បាតរបស់ កងរាជអាវុធហត្ថ ខណ្ឌចំការមន ដែលជិះល្បាតឆ្លងកាត់ទីនោះ ប្រទះឃើញ ក៏បានសួរនាំ ទើបដឹងថា ជាករណីឆក់ទូរសព្ទ័ ទើបឃាត់ខ្លួនជនសង្ស័យទាំង២នាក់ យកទៅសាកសួរនៅ បញ្ជារការដ្ឋាកងរាជអាវុធហត្ថ ខណ្ឌចំការមនតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ឆក់ទូរសព្ទ័របស់នារីរងគ្រោះពិតប្រាកដមែន ៕ ភារ៉ា ដង្កោ