ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈកំពុងបើកបរម៉ូតូ ត្រូវរថយន្ដដឹកស៊ីម៉ង់ត៍បើកមកបុក

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈកំពុងបើកបរម៉ូតូ ត្រូវបានរថយន្ដដឹកស៊ីម៉ង់ត៍មួយគ្រឿងបើកមកពារ បណ្ដាលឲ្យជនរងគ្រោះដួល ខ្ទាតចូលទៅក្រោមកង់រថយន្ដកិនស្លាប់ នៅវេលាម៉ោង១៨ និង៤០នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុង ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យឹម សុផល ភេទប្រុស អាយុ៥៣ ឆ្នាំ មានទីលំនៅ ភូមិឃ្មត់ ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ម 3585 ភព1 ។ ចំណែកឯរថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយ ដឹកស៊ីម៉ង់ត៍ ពណ៌បៃតង+ស ពាក់ស្លាកលេខ ស្វាយរៀង 3A-0341 បើកបរដោយឈ្មោះ ចាន់ ធីរិទ្ធ ភេទប្រុស អាយុ៤៤ ឆ្នាំ មានទីលំនៅ ភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដដឹងស៊ីម៉ង់ត៍ខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង(ពីតាកែវឆ្ពោះទៅភ្នំពេញ) លុះមកដល់ចំណុចកើតហេតុ ក៏បានពារម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលម៉ូតូជនរងគ្រោះដួល ធ្វើឲ្យជនរងគ្រោះខ្ទាតចូលទៅក្រោមកង់រថយន្ដខាងក្រោយផ្នែកខាងស្ដាំ កិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយពីមានហេតុការណ៍កើតឡើង មន្រ្ដីនគរបាលចរាចរណ៍ ស្រុកកណ្ដាលស្ទឹង បានចុះមកកន្លែងកើតហេតុ អន្ដរាគមន៍ឃាត់ខ្លួនអ្នកបើកបររថយន្ដ និងត្រួតពិនិត្យវាស់វែងកន្លែងកើតហេតុ រួចកសាងសំណុំរឿងបញ្ជូនអ្នកបើកបររថយន្ដ ព្រមទាំងមធ្យោបាយពាក់ព័ន្ធ មកអធិការដ្ឋាននគរបាល ស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖