ខេត្តបន្ទាយមានជ័យ៖ ខ្យល់កន្រ្តាក់ លាយឡំ នឹងភ្លៀងផ្គររន្ទះបក់បោក យ៉ាងសន្ធឹកប៉ះចំស្រុក ក្រុង ចំនួន៤ទៀតហើយក្នុង ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យខូចផ្ទះប្រជាពលរដ្ឋធ្ងន់ និងស្រាល ៣៩១ខ្នង រន្ទះបាញ់សម្លាប់មនុស្ស១នាក់ រងបួស១នាក់, រន្ទះ បាញ់សម្លាប់សត្វគោ២ក្បាល, សាលារៀន១ខ្នង, រោងម៉ាសីនកិនស្រូវ១ខ្នង និងរោងចិញ្ចឹមសត្វទា១ខ្នង ក្នុងហេតុការណ៍កើតឡើងកាលពីរសៀល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ។
ស្រុកក្រុងទាំង៤ដែលរងគ្រោះដោយគ្រោះធម្មជាតិរួមមានៈ ស្រុកមង្គលបូរី, ស្រុកម៉ាឡៃ, ក្រុងសិរីសោភ័ណ និង ស្រុកព្រះនេត្រព្រះ ។
សេចក្តីរាយការណ៍ឲ្យដឹងថា ក្នុងចំណោម ស្រុកក្រុងទាំង៤គឺ ស្រុកមង្គលបូរី បានរងគ្រោះធ្ងន់ធ្ងរជាងគេ ។
បើយោងតាមរបាយកាណ៍របឋមរបស់អធិការដ្ឋាននករបាល ស្រុកក្រុងទាំង៤ខាងលើឲ្យដឹងថាៈ ស្រុកមង្គលបូរីខ្យល់កន្រ្តាក់បានបង្កការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន៩ ឃុំក្នុងចំណោម១៣ ឃុំរងការខូចខាតផ្ទះធ្ងន់ និងស្រាល២០៥ខ្នងក្នុងនោះមាន ឃុំភ្នំតូច, ឃុំស្រះរាំង, ឃុំតាឡំ, ឃុំគយម៉ែង, ឃុំចំណោម, ឃុំបន្ទាយនាង, ឃុំប្ញស្សីក្រោក, ឃុំរហាត់ទឹក និង ឃុំអូរប្រាសាទ និងមានករណីរន្ទះបាញ់ផ្តាច់ជីវិតសត្វគោចំនួន២ក្បាលនៅ ឃុំបន្ទាយនាង,រងការខូចខាតសាលារៀន១ខ្នង, រោងម៉ាស៊ិនកិនស្រូវ១ខ្នង,ដំបូលផ្សារ១ខ្នង និងរោងបណ្តុះផ្សិត១ខ្នង ។ ស្រុកម៉ាឡៃប៉ះពាល់ចំនួន៣ ឃុំគឺ ឃុំបឹងបេង, ឃុំម៉ាឡៃ និង ឃុំអូរសំព័រដោយបណ្តាលរងការខូចខាតផ្ទះចំនួន១៧២ខ្នង ។ ក្រុងសិរីសោភ័ណប៉ះពាល់២ សង្កាត់,គឺ សង្កាត់កោះពងសត្វ និង សង្កាត់ភ្នៀត រងការខូចខាតផ្ទះ១៣ខ្នងធ្ងន់ និងស្រាល និងរងការខូចខាតរោងចិញ្ចឹមសត្វទា១ខ្នងផងដែរ ។ ស្រុកព្រះនេត្រព្រះរន្ទះបាញ់សផ្តាច់ជីវិត១នាក់រងរបួស១នាក់នៅ ភូមិទ្រយោង ឃុំភ្នំលៀប ខណៈដែលជនរងគ្រោះទៅដេញសត្វគោមកផ្ទះវិញចម្ងាយពី ភូមិ២៥០ម៉ែត្រ ។ ជនរងគ្រោះស្លាប់មានឈ្មោះ ម៉ក់ ធៀង ភេទប្រុស អាយុ១៤ ឆ្នាំ និងជនរងគ្រោះទទួលរងបួសមានឈ្មោះឃ្លាំង ពាវ ភេទប្រុស អាយុ១៥ ឆ្នាំ ជនរងគ្រោះទាំង២នាក រស់នៅក្នុង ភូមិទ្រយោង ឃុំភ្នំលៀប និងការខូចខាតផ្ទះ១ខ្នង នៅក្នុង ឃុំទឹកជោរផងនោះទៀត ។
បើយោងតាមរបាយការណ៍ដដែលឲ្យដឹងទៀតថាៈខ្យល់កន្រ្តាក់នោះក៏បណ្តាលឲ្យដួលរលំដើមឈើតូចធំជាច្រើនដើម ដួលកាត់តាមដងផ្លូវក្នុង ស្រុកមួយចំនួនផងដែរ ។
របាយការណ៍បណ្តោះអាសន្នរបស់ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យជុំវិញគ្រោះធម្មជាតិខ្យល់កន្រ្តាក់នៅ ខេត្តបន្ទាយមានជ័យរយៈពេល៣២ថ្ងៃ បានកើនឡើងខូចខាត ផ្ទះប្រជាពលរដ្ឋសរុប១៩១៤ខ្នងនោះហើយ, រន្ទះបាញ់ផ្តាច់ជីវិត៦នាក់ រងរបួស២នាក់, ផ្តាច់ជីវតសត្វគោ១៥ក្បាល ៕ សំ វិច្ឆិកា