ក្នុងនាមប្រជាពលរដ្ឋម្នាក់រស់នៅទីក្រុងភ្នំពេញ ចាប់អារម្មណ៍ជាពន្លឹកអំពីបញ្ហាសំរាម ដែលកំពុងកកស្ទះគ្រប់ច្រកល្ហកមុខផ្ទះប្រជាពលរដ្ឋ ។ មិនមែនបីបួនថ្ងៃនោះទេ គឺមួយសប្តាហ៍ ឬជាងមួយសប្តាហ៍ឯណោះ ទើបឃើញរថយន្តប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រី ចុះមកប្រមូល ។ នៅពេលជួបអ្នកប្រមូលសំរាមទាំងនោះ ខ្ញុំបាទបានសួរនាំពួកគាត់ពីរឿងខកខានយឺតយូរ មិនមកប្រមូលសំរាមឲ្យទៀងទាត់ទាន់ពេលដូចមុនៗនោះ ក្រុមអ្នកប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រីទាំងនោះនិយាយថា «សំរាមច្រើនពេក ហើយមិនមែនតែផ្ទះអ៊ុំឯងទេ ដែលឡានយើងខ្ញុំចុះប្រមូលមិនទាន់» ។
ប្រសាសន៍របស់អ្នកប្រមូលសំរាមទាំងនោះគឺបញ្ជាក់ថា នៅរាជធានីភ្នំពេញ ជាច្រើនត្រូវបានកកស្ទះ ដោយសារតែកំណើននៃកាកសំណល់(សំរាម) ។ ការកើនឡើងនៃសំរាម គឺជារឿងមួយប៉ុន្តែការថយចុះនៃរថយន្តប្រមូលសំរាម គឺជារឿងមួយទៀត ។ បន្ទាប់ពីចូលឆ្នាំថ្មី ប្រពៃណីជាតិហើយភ្លាមៗ សំរាមត្រូវបានកកស្ទះជាច្រើនកន្លែង ដែលតម្រូវឲ្យអាជ្ញាធរខណ្ឌខ្លះចុះជួយប្រមូលសំរាមជំនួសក្រុមហ៊ុនស៊ីនទ្រី ។ បើទោះជាយ៉ាងណាក៏ដោយ កម្មករប្រមូលសំរាមអះអាងថា រថយន្តដឹកសំរាមរបស់ពួកគេចំនួនច្រើនបានខូច មិនអាចប្រមូលសំរាមបាន ។ ប្រការនេះធ្វើឲ្យកកស្ទះ ឬរាំងស្ទះដល់ដំណើរការនៃការប្រមូលសំរាម ។ ដោយសារតែបញ្ហាសំរាមច្រើន និងរថយន្តប្រមូលសំរាមមួយចំនួនខូច ធ្វើឲ្យសំរាមដែលមិនប្រមូលកាន់តែកកស្ទះច្រើនឡើង ។
អាជ្ញាធរតាមបណ្តាខណ្ឌមួយចំនួនបានបញ្ចេញកម្លាំងប្រជាការពារ, សន្តិសុខ ដើម្បីជួយប្រមូលសំរាម ។ ប៉ុន្តែបណ្តាខណ្ឌនៅជាយរាជធានីមួយចំនួន សំរាមត្រូវបានគរដូចកូនភ្នំ ក្នុងរយៈពេលជិតមួយសប្តាហ៍ ឬលើសនេះ ទើបរថយន្តប្រមូលសំរាមទៅដល់ ។ មិត្តភក្តិខ្ញុំបាទនៅខណ្ឌឫស្សីកែវ រអ៊ូរទាំ ព្រោះខកខានមិនឃើញរថយន្តប្រមូលសំរាមចុះទៅដឹកជញ្ជូនសំរាមរយៈពេលជាងមួយសប្តាហ៍ ។ គាត់រីករាយណាស់នៅពេលដែលរថយន្តដឹកសំរាមចុះទៅប្រមូលសំរាមពីមុខលំនៅឋានក្នុងសហគមន៍គាត់ ។ គាត់បានទូរស័ព្ទប្រាប់ខ្ញុំភ្លាមៗ បន្ទាប់ពីរថយន្តប្រមូលសំរាមបានចុះទៅធ្វើសកម្មភាពប្រមូលសំរាមសម្អាតពីមុខផ្ទះតាមផ្លូវក្នុងសហគមន៍ពួកគាត់ ។ នៅឯខណ្ឌសែនសុខ ក៏ខកខានមិនបានឃើញរថយន្តប្រមូលសំរាមចុះទៅប្រមូលសំរាមយូរថ្ងៃមកហើយដែរ ។
បញ្ហាសំរាមគឺជារឿងមួយដែលឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព, សុខភាព, សោភណ្ឌភាព និងអនាម័យនៅក្នុងរាជធានីភ្នំពេញ ។ ការខកខានក្នុងរយៈពេលយូរ ធ្វើឲ្យគំនរសំរាមមួយចំនួនមានដង្កូវចោះ ។ ម្ចាស់គេហដ្ឋានមួយចំនួនបង្ខំចិត្តទិញធុងសំរាមទុកក្នុងផ្ទះ ពីព្រោះបើបណ្តែតបណ្តោយឲ្យលើសតែមួយថ្ងៃ គំនរសំរាមទាំងនោះនឹងមានដង្កូវ ។ ប្រការនេះអាជ្ញាធរគួរតែសហការជាមួយក្រុមហ៊ុនប្រមូលសំរាមពង្រឹងការដឹកជញ្ជូនឲ្យបានច្បាស់លាស់ ។ ការកំណត់ម៉ោងពេលសម្រាប់ប្រជាពលរដ្ឋយកសំរាមចេញពីក្នុងផ្ទះគឺជារឿងសំខាន់ ប៉ុន្តែសំខានជាងនេះគឺរថយន្តប្រមូលសំរាមត្រូវតែចុះមកប្រមូលឲ្យទៀងទាត់តាមម៉ោងពេលកំណត់ ៕ ប្រជាពលរដ្ឋម្នាក់