ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត RANGE ROVER ពន្លះម៉ូតូកង់បីឥណ្ឌានៅមុខរដ្ឋសភាចាស់ បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តទំនើបមួយគ្រឿងម៉ាក RANGE ROVER ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ជិះដោយបុរសម្នាក់ចំពីមុខពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូកង់បីគៀរជាប់រងរបួសធ្ងន់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខរដ្ឋសភាចាស់ ជាប់របងរាជវាំង តាមបណ្តោយផ្លូវ២៤០ កែងនឹងផ្លូវសុធារស ក្នុងសង្កាត់ជ័យជំនះ​ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌លឿងពាក់ស្លាកលេខ ភ្នំពេញ1HB-0888 ធ្វើដំណើរតាមបណ្តោយផ្លូវសុធារសទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុផ្លូវ២៤០នានបត់ឆ្វេងដៃបានបន្តិច ក៏មានរថយន្តRANGE RO VER មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-8811 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២៤០ទិសដៅ ពីលិចទៅកើតបុកគ្នាពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូកង់បីឥណ្ឌាគៀបជាប់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាគាស់ចេញរួចបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងយកទៅសង្គ្រោះភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូកង់បី ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖