ព័ត៌មានទាន់ហេតុការណ៍៖

ឌុបគ្នាទៅធ្វើការ ត្រូវរថយន្តបុកពីក្រោយ រួចកិនស្លាប់ម្នាក់ របួសស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិត ខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នា ចេញពីផ្ទះ បំណងទៅធ្វើការ ត្រូវរថយន្តសាំយ៉ុងមួយគ្រឿងបើកបុកពីក្រោយ និងកិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយនេះ បានកើតឡើងនៅវេលាម៉ោង ៥ និង៣៥នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ចំណុចមុខអគារវឌ្ឍនៈ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

យោងតាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញស្រ្តីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៌ទឹកសមុទ្រមិនចាំស្លាកលេខ ឌុបគ្នាចេញពីផ្ទះនៅម្តុំផ្សារទួលសង្កែខណ្ឌឫស្សីកែវ ក្នុងគោលបំណងទៅធ្វើការ នៅអគារវឌ្ឍនៈផ្នែកអនាម័យ ដោយជិះក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវព្រះមុនីវង្ស លុះដល់ចំណុចកើតហេតុម៉ូតូជនរងគ្រោះបានស៊ីញ៉ូបត់ឆ្វេង ទៅតាមផ្លូវលេខ១០២ ចូលទៅកន្លែងធ្វើការ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌សមិនចាំស្លាកលេខ បើកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យដួលរងរបួសទាំងស្រាល២នាក់ បន្ទាប់មក រថយន្តបង្កបានបើកកិនក្បាលស្រ្តីរងគ្រោះបន្ថែម បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកអ្នកឌុបត្រូវរងរបួសស្រាល ។ សាក្សីបន្តថា បន្ទាប់ពីបើកកិនជនរងគ្រោះបណ្តាលឲ្យស្លាប់រួចមករថយន្តបង្កបានបើកបន្ថែមល្បឿនរត់គេចខ្លួនទៅតាមផ្លូវជាតិលេខ៦បាត់ស្រមោល ។

ក្រោយពេលកើតហេតុ កម្លាំសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងទំនាក់ទំនងទៅក្រុមគ្រួសារ និងបានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានរបស់ជនរងគ្រោះនៅម្តុំទួលសង្កែខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ៕ ធឿនព្រែកជ័យ


ចែករំលែក៖