ព័ត៌មានទាន់ហេតុការណ៍៖

ឈើរាប់រយ កំណាត់លួចផ្ទុកក្នុងឃ្លាំងមួយកន្លែងដោយខុសច្បាប់ ត្រៀមដឹកទៅប្រទេសវៀតណាម ត្រូវកម្លាំងចម្រុះបង្រ្កាប និងរឹបអូស

ចែករំលែក៖

ខេត្តរតនគិរី៖ ឃ្លាំងមួយកន្លែងលួចលាក់ស្តុបឈើប្រណីតប្រភេទ សុក្រំ និងកកោះរាប់រយកំណាត់ ដែលក្រុមឈ្មួញប្រមូលទិញពីអ្នកដឹកតាមម៉ូតូ តាមរថយន្ត មកស្តុបទុកក្នុងឃ្លាំងនោះ ដោយខុសច្បាប់ ក្នុងបំណងដឹកបន្តទៅប្រទេសវៀតណាម ត្រូវបានកម្លាំងចម្រុះរបស់ខេត្ត បង្ក្រាបរឹបអូសយកទៅរក្សារទុកនៅខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត ។

ការចុះបង្រ្កាបឃ្លាំងឈើមួយនេះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១២.៣០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ស្ថិតនៅក្នុងភូមិ ឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុងខេត្តរតនគិរី ហើយកម្លាំងចម្រុះ ដឹកនាំដោយលោកជា ពេជ្រ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបានធ្វើចុះបង្ក្រាប ជាទ្រង់ទ្រាយធំ លើកទី១ បន្ទាប់ពីមានសភាពស្ងប់ស្ងាត់មួយរយ:នេះ ។

មេឈ្មួញដែលថ្លើមធំហ៊ានលួចលាក់ប្រមូលទិញឈើដោយខុសច្បាប់ យកមកស្តុកទុកក្នុងឃ្លាំងខាងលើរាប់រយកំណាត់ ដែលមានមុខកាត់២៥សង្ទីម៉ែត្របួនជ្រុង ប្រវែង១.២ម៉ែត្រ ដែលក្នុងបំណងរង់ចាំឱកាសដើម្បីដឹកចេញបន្តទៅប្រទេសវៀតណាម តែត្រូវបែកការណ៍ហើយក៏បង្ក្រាបតែម្តង ។

តាមប្រភពបង្ហើបថា មេឈ្មួញដែលព្រហើនហ៊ានប្រមូលទិញឈើប្រណីតទាំងនោះ គឺមាន អាងខ្នងនៅពីក្រោយ ជាអ្នកធំ ទើបហ៊ានប្រមូលទិញឈើយកមកស្តុបលាក់ទុក ក្នុងឃ្លាំងនៅកណ្តាលក្រុងបានលុងបែបនេះ ហើយក៏បានរត់ការស្ទើរគ្រប់សមត្ថកិច្ចអស់ខ្លះហើយដែរ តែសមត្ថកិច្ចខ្លះចរចាមិនត្រូវថ្លៃ ក៏បង្ក្រាបយកស្នាដៃវិញផង និងជាការព្រមានដល់ឈ្មួញផ្សេងឲ្យដឹងផងដែរ ។

ក្នុងហេតុការណ៍បង្រ្កាបឈើដោយខុសច្បាប់នោះ គេបានសង្កេតឃើញម្ចាស់ផ្ទះព្យាយាមចាក់សោឃ្លាំងហើយរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់ ហាក់ដូចជាបានទទួលដំណឹងជាមុននោះផងដែរ ។

ក្រោយពីបង្ក្រាបឈើខុសច្បាប់ទាំងនោះហើយ ក៏ត្រូវបានសមត្ថកិច្ចរឹបអូស ដឹកជញ្ជូន យកទៅរក្សាទុកនៅខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត រង់ចាំហៅម្ចាស់ឲ្យចូលខ្លួនមកដោះស្រាយតាមច្បាប់ព្រៃឈើ និងកសាងសុំណំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕ ជីវន្ត័


ចែករំលែក៖