ខេត្តសៀមរាប៖ ផ្អើលរត់ជាន់ជើងគ្នា ទាំងម្ចាស់ដើមការ ទាំងភ្ញៀវកិត្តិយសជាច្រើនរយនាក់បានរត់ចែកជើងគ្នា ខណៈកំពុងទទួលទានអាហារយ៉ាងសប្បាយ ស្រាប់តែផ្ទុះប្រអប់ភ្លើងរបស់ភោជនីយដ្ឋានអាប៉ូឡូប្លាស្សា បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ ។ ហេតរុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០ និង២០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅទីតាំងភោជនីយដ្ឋានអាប៉ូឡូប្លាស្សា តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ។
តាមប្រភពព័ត៌មានពីសន្តិសុខរបស់ភោជនីយដ្ឋានអាប៉ូឡូប្លាស្សាបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅអគារA របស់ភោជនីយដ្ឋាន មានពិធីជប់លៀងអាពាហ៍ពិពាហ៍ លុះដល់ម៉ោងកើតហេតុ ខណៈដែលភ្ញៀវកំពុងសប្បាយរីករាយ ស្រាប់តែដាច់ចរន្តអគ្គិសនី និងឃើញមានបែកផ្កាភ្លើងចេញពីប្រអប់ភ្លើង ក្បែររោងម៉ាស៊ីន ពេលឃើញដូច្នោះ ទាំងភ្ញៀវទាំងម្ចាស់ដើមការ បានរត់ចែកជើងគ្នាយកតែរួចរៀងៗខ្លួន ។
លោកទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាបបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាមលោកបានបញ្ជាឡានទឹកជាច្រើនគ្រឿង ដើម្បីពន្លត់អគ្គិភ័យនេះ ប៉ុន្តែដោយសារនៅជិតម៉ាស៊ីនភ្លើងនេះមានស៊ីទែនសាំងរហូតដល់៥ពាន់លីត្រ បណ្តាលឲ្យឆេះខ្លាំងហើយពិកបាកក្នុងការពន្លត់ តែសមត្ថកិច្ចបានបាញ់ទឹកអស់ជាច្រើនឡាន និងប្រើពេលអស់ប្រមាណ១ម៉ោងទើបពន្លត់អគ្គិភ័យនេះបានរលត់ទាំងស្រុងវិញ ។ លោកទិត្យ ណារ៉ុង បានបន្ដថា ករណីអគ្គិភ័យនេះគឺឆាបឆេះតែម៉ាស៊ីនភ្លើង និងរោងដាក់ម៉ាស៊ីនភ្លើងតែប៉ុណ្ណោះ វាមិនបានឆេះរាលដាល់ដល់កន្លែងផ្សេង ឬបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់នោះទេ ។
លោកស្នងការបញ្ជាក់ថា ករណីអគ្គិភ័យនេះបណ្តាលមកពីផ្ទុះប្រអប់ភ្លើងដែលនៅជិតម៉ាស៊ីនហើយឆាបទៅឆេះស៊ីតែនសាំង និងបន្តឆេះម៉ាស៊ីន និងរោងដាក់ម៉ាស៊ីនតែម្តង ។
លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នទាំងអស់គ្នាព្រោះថា ពេលនេះរដូវក្តៅងាយ និងមានគ្រោះអគ្គិភ័យកើតឡើង ៕ ប៊ុនរិទ្ធី