ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ នៅ នឹងកន្លែង បន្ទាប់ពីបើកម៉ូតូទៅបុកគោយន្តចំពីមុខយ៉ាងពេញទំហឹង ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើកំណត់ហេតុ និងប្រគល់សពឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវក្រាលក្រួសក្រហម ចំណុច ភូមិត្រពាំងកក់ ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ប្រភពបានឲ្យដឹងថា មានករណីម៉ូតូបុកគោយន្តបញ្ច្រាសទិសគ្នាមួយបានកើតឡើងរវាងម៉ូតូ១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1L-7424 បើកបរដោយឈ្មោះ សាយ យូឡុង ភេទប្រុស អាយុ២៣ ឆ្នាំ នៅ ភូមិព្រៃខ្លា ឃំុពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរគ្មានមួកសុវត្ថិភាព ម៉ូតូមានកញ្ចក់ ។
បើតាមការសាកសួរសាក្សី គឺមុនពេលកើតហេតុជនរងគ្រោះបើកបរពីទិសខាងលិចឆ្ពោះទៅទិសខាងកើត លុះដល់ចំណុចកើតហេតុបានបុកជាមួយគោយន្ត០១គ្រឿង ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិតភ្លាមៗ ។
ប្រភពបន្តថា ក្រោយពេលកើតហេតុអ្នកបើកគោយន្ត បានរត់គេចខ្លួនបាត់ ។
ករណីនេះបណ្ដាលឲ្យ ស្លាប់មនុស្ស០១នាក់ប្រុស អ្នកបើកបរម៉ូតូ ចំណែកម៉ូតូខូចខាត ធ្ងន់ ។ ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះធ្វើកំណត់ហេតុ និងបានប្រគល់សពឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំពោះវត្ថុតាង ម៉ូតូខាងលើ ផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកបសេដ្ឋ រង់ចាំស្រាវជ្រាវរកម្ចាស់គោយន្ត ឲ្យចូលខ្លួនមកដោះស្រាយជាមួយភាគីអ្នកស្លាប់ដោយសន្តិវិធី ៕ សេនាស័ក្តិ