ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់សត្វជ្រូក៤៥ក្បាល ដែលក្រុមឈ្មួញដឹកតាមរថយន្ត២គ្រឿង ដែលដឹកនាំចូលខុសច្បាប់ពីប្រទេសវៀតណាម២កន្លែងផ្សេងគ្នា ត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាបបានក្នុងចំណុច ភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត និងចំណុច ភូមិស្វាយតាភ្លរ ឃុំបាសាក់ ស្រុកស្វាយជ្រំ ។
បើតាមមន្រ្តីបសុពេទ្យ(ពេទ្យសត្វ) បានឲ្យដឹងថា ករណីទី១ នាយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចប៉ុស្តិ៍ការពារព្រំដែនឆ្លក ស្ថិតក្នុង ភូមិឆ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងកម្លាំងនគរបាលប្រចាំប៉ុស្តិ៍ការពារព្រំដែនធ្លក បានសហការ ជាមួយក្រុមចរាចរណ៍សត្វខេត្ត និងមន្រ្តីពេទ្យសត្វ នៃការិយាល័យ កសិកម្ម ក្រុងបាវិត បានឃាត់រថយន្តដឹកជ្រូកនាំចូលខុសច្បាប់ពីប្រទេសវៀតណាម រថយន្តមួយគ្រឿង ពាក់ស្លាកលេខ ស្វាយរៀង 3A-1466 ដែលដឹកសត្វជ្រូកចំនួន២៥ក្បាល មករក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង និងករណីទី២ នៅយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចប៉ុស្តិ៍ស្រែបារាំង នៅ ភូមិស្វាយតាភ្លរ ឃុំបាសាក់ស្រុកស្វាយជ្រំខេត្តស្វាយរៀងកម្លាំងកងរាជអាវុធហត្ថ ខេត្តស្វាយរៀង សហការណ៍ជាមួយក្រុមចរាចរណ៍សត្វខេត្ត បានឃាត់រថយន្តដឹកជ្រូកនាំចូលដោយខុសច្បាប់ពីប្រទេសវៀតណាមពាក់ស្លាកលេខ ភ្នំពេញ 3B-7362 ចំនួន២០ក្បាល ។
ប្រភពខាងលើបានបន្តទៀតថាក្រុមឈ្មួញ ដែលនាំជ្រូកប្រទេសវៀតណាមចូលមកទឹកដីខេត្តស្វាយរៀង ដោយប្រើរូបភាពបណ្តើរសត្វជ្រូកតាមវាលស្រែ មកដាក់រថយន្ត ដែលនៅចាំកណ្តាលស្រែ ហើយត្រូវបានសមត្ថកិច្ចឃាត់ បានជាបន្តបន្ទាប់ នាំរថយន្តទាំង២គ្រឿង និងជ្រូកទាំង៤៥ក្បាល មករក្សាទុកនៅមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្ត ដើម្បីអនុវត្តន៍តាមវិធានបសុពេទ្យ និងអនុវត្តន៍តាមច្បាប់ផងដែរ ៕ យឹម សុថាន