ព័ត៌មានទាន់ហេតុការណ៍៖

រកមុខមិនឃើញសោះ អ្នកទទួលខុសត្រូវ ចំពោះការកាប់បំផ្លាញព្រៃឡង់ យកដីធ្វើជាកម្មសិទ្ធិឯកជន រាប់ពាន់ហិកតា ស្ថិតនៅស្រុកសន្ទុក និងស្រុកសណ្ដាន់ ក្នុងខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ការលុបបំបាត់បទល្មើសព្រៃឈើ និងការកាប់បំផ្លាញព្រៃយកដីធ្វើកម្មសិទ្ធិឯកជន គឺជាភារកិច្ចរបស់មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ប៉ុន្តែហេតុអី្វ បានជារកមុខអ្នកទទួលខុសត្រូវមិនឃើញ ។

បច្ចុប្បន្នគេសង្កេតឃើញឧក្រិដ្ឋកម្មព្រៃឈើ និងការកាប់បំផ្លាញព្រៃឈើយកដីធ្វើជាកម្មសិទ្ធិឯកជន ស្ថិតនៅចំណុចអូរក្រពើ ចំណុចស្រែប្រាំង និងត្រពាំងប្រើស ក្នុងឃុំចំនួនពីរ គឺឃុំបឹងល្វាស្រុកសន្ទុក និង ឃុំសុចិត្រ ស្រុកសណ្តាន់ ក្នុងខេត្តកំពង់ធំ នៅតែកើតមានយ៉ាងគគ្រឹកគគ្រេង គ្មានការបង្រ្កាបអ្វីឡើយ ។

បញ្ហានេះ គេឃើញកើតមានក្នុងឆ្នាំ ២០១៩នេះ គឺតាមរយៈគោលនយោបាយ ក្រោមផ្លាកបង្វែរដីព្រៃទៅជាដីកសិឧស្សាហកម្ម ។ បើទោះ បីជាមានការវិនាសកម្មព្រៃឈើយ៉ាងខ្លាំងកំពុងញាំញី ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋយ៉ាងណាក៏ដោយ ក៏គេនៅមិនទាន់ឃើញមាន ការទទួលខុសត្រូវលើបញ្ហានេះនៅឡើយ ។

បើសង្កេតមើល រដ្ឋធម្មនុញ្ញខ្មែរយើងបានចែងយ៉ាងច្បាស់ថា ក្រសួងដែលពាក់ព័ន្ធ ដូចជាក្រសួងកសិកម្ម និង ក្រសួងបរិស្ថាន គឺជា អ្នកទទួលខុសត្រូវលើបញ្ហានេះ ពីព្រោះស្ថាប័នទាំងពីរនេះ ជាអ្នកធ្វើ របាយការណ៍ឲ្យប្រមុខរដ្ឋាភិបាលជាអ្នកសម្រេច ។

ដោយហេតុថា ប្រមុខរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម ក្រសួងបរិស្ថាន ដែលគាត់ជាអ្នកធ្វើក្រដាសវាយតម្លៃជូនទៅឧបនាយករដ្ឋមន្ត្រី ហើយឧបនាយករដ្ឋមន្ត្រី ជាអ្នកស៊ីញ៉េសម្រេចដោយសារការវាយតំលៃ របស់ក្រសួងសាមីហើយក្រសួងសាមីគាត់ជាអ្នកទទួលខុសត្រូវ ។ បច្ចុប្បន្ននេះជាក់ស្តែងយើងមើលព្រៃអង់តែននៅសល់តែឈ្មោះ គឺ មន្ទីរបរិស្ថាន និង មន្ទីរកសិកម្មខេត្តឆ្លើយដាក់គ្នាទៅវិញទៅមក ។

លោកប្រធានមន្ទីរកសិកម្ម និង ប្រធានមន្ទីរបរិស្ថាន នៅមិនទាន់អាចបញ្ជាក់អំពីព័ត៌មានដែលបានលើកឡើងថ្មីៗនេះនៅឡើយទេ ទាក់ទិន ទៅនឹងការស្វែងរកមុខអ្នកទទួលខុសត្រូវចំពោះបទល្មើសព្រៃឈើ និងការកាប់បំផ្លាញព្រៃឡង់យកដីលក់នេះ! កម្មករស៊ីឈ្មួលកាប់ព្រៃម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា អ្នកណាក៏ដោយ មកកាប់ព្រៃចាប់យកដីនៅទីនេះ បើសិនជា មិនបានទៅជួបជាមួយនឹងលោក ចិត្រ ប្រធានស្នាក់ការបរិស្ថាន ដែលឈរជើងនៅតំបន់នេះទេ ច្បាស់ជាមិនអាចកាប់ព្រៃនេះបានទេ សរុបសេចក្តីមក ទាល់តែមានការបើកភ្លើងខៀវពីលោក ចិត្រ ប្រធានស្នាក់ការបរិស្ថាន ដែលគ្រប់គ្រងនៅទីនេះ ទើបអាចធ្វើបាន ។

បច្ចុប្បន្នក្រុមឈ្មួញច្រើននាក់កំពុងដាក់កម្លាំងប្រើរណាយន្តចូលកាប់ឈើនៅក្នុងព្រៃឡង់ ចំណុចអូរក្រពើ កន្លែងស្ថានីយស្ដារ និងដាំកូនឈើឡើងវិញរបស់រដ្ឋបាលព្រៃឈើ និងចំណុចស្រែប្រាំង ចំណុចត្រពាំងប្រើស ជាប់ព្រំប្រទល់ខេត្តក្រចេះ ខេត្តកំពង់ធំ ដែលជាដែនគ្រប់គ្រងដោយមន្ត្រីបរិស្ថានឈ្មោះលោក ចិត្រ ប្រធានស្នាក់ គឺជាព្រៃការពារដោយព្រះរាជក្រឹត្យ ហើយកំពុងរងនូវក្ដីវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ខណៈសេចក្ដីរាយការណ៍អះអាងថា អាជ្ញាធរបើកដៃឲ្យក្រុមឈ្មួញខាងលើនេះកាប់ឈើយកដីលក់ធ្វើអាជីវកម្មយ៉ាងរលូន ។ មិនតែប៉ុណ្ណោះ មានពលរដ្ឋជាច្រើនគ្រួសារបានរងគ្រោះដោយសារក្រុមឈ្មួញខាងលើ បោកយកប្រាក់ពីពួកគាត់ រាប់ម៉ឺនដុល្លារ ដោយសន្យាថា រៀបចំកាប់ព្រៃយកដីលក់ឲ្យពួកគាត់ ។

ករណីខាងលើនេះ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងបរិស្ថានគួរបញ្ចេញស្នាដៃបង្ក្រាប និងទប់ស្កាត់ឈ្មួញឈើខាងលើទាំងនោះឲ្យមានប្រសិទ្ធិភាពទៅ ! កុំពូកែតែខាងដើរកាប់បំផ្លាញដំណាំ ស្វាយចន្ទី របស់ប្រជាពលរដ្ឋដែលបានអាស្រ័យផលហើយនោះ ទើបអាចលុបបំបាត់ពាក្យរិះគន់ពីមហាជន ក៏ដូចជាការចូលរួមចាត់វិធានការណ៍ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិព្រៃឈើ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ៕ ប៊ុនរិទ្ធី


ចែករំលែក៖