ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ម្ចាស់ផ្ទះសំណាក់ រស្មី អង្គរ បានប្រាប់ឲ្យដឹងថា ក្នុងប្រតិបត្តិការនគរបាលចុះបង្ក្រាបឡោមព័ទ្ធ ផ្ទះសំណាក់របស់គាត់ ទាំងកណ្តាលយប់ គឺរងភាពអយុត្តិធម៌ណាស់សម្រាប់គាត់ និងក្រុមគ្រួសារ ដោយនគរបាលចុះបង្ក្រាបឡោមព័ទ្ធ បានគោះទ្វាររួចចាប់កូនចៅរបស់គាត់ជាសន្តិសុខ មើលការខុសត្រូវចាប់វាយខ្នោះ និងចាប់គាត់ក្រៀកសម្លុតឲ្យអង្គុយ ដូចគាត់ជាចោរអីចឹង ។ គាត់បន្ថែមទៀតថា គាត់មិនចង់វែងឆ្ងាយ ទើបគាត់មិនដាក់ពាក្យបណ្តឹង ។
សូមរំលឹកថា៖ប្រជាពលរដ្ឋភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានភ្ញាក់ផ្អើលទាំងយប់ ខណៈឃើញកម្លាំងនគរបាល យ៉ាងច្រើនកុះករទៅឡើង ព័ទ្ធផ្ទះសំណាក់ រស្មី អង្គរ បង្ក្រាបបទល្មើសអន្តរការីបានប៉ះសំដីគ្នាជាមួយម្ចាស់ទីតាំងប្រឆាំងមិនឲ្យឆែកឆេរ ព្រោះមិនមានអំពើបេស្យាចារ្យនៅទីនេះ រហូតដល់មានតំណាង អយ្យការចុះមកសម្របសម្រួល ក៏នៅតែតឹងសសៃកល្អក់កករដាក់គ្នាប៊ិះតែកើតឡើងនូវអំពើហិង្សា ធ្វើឲ្យអ្នកភូមិលាន់មាត់ថា “ខ្លាំងប៉ះខ្លាំង ផ្កាយប៉ះលោកខែ មានខ្សែ ដូចគ្នា” អីចឹងហើយ ។
ចុងក្រោយកម្លាំងសមត្ថកិច្ចព្រមដកថយត្រឹមធ្វើកំណត់ហេតុឆែកឆេរបន្ទប់ចំនួន១០ និងនាំខ្លួនមនុស្សប្រុសស្រី៣នាក់ជាភ្ញៀវមកស្នងការប៉ូលិសដើម្បីសួរនាំប៉ុណ្ណោះ ។
ហេតុការណ៍នេះបានកើតឡើងចាប់ពីម៉ោងជាង១៩ ថ្ងៃទី០៣ រហូតដល់ម៉ោងជាង១រំលងអធ្រាត្រ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ចំណុផ្ទះសំណាក់រស្មី អង្គរស្ថិតនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បើតាមមន្តី្រអាជ្ញាធរមូលដ្ឋាននិយាយថាប្រតិបត្តិការបង្ក្រាបករណីជួញដូរផ្លូវភេទនៅក្នុងផ្ទះសំណាក់ រស្មី អង្គរ ធ្វើឡើងដោយកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ រស់ សាវិន ប្រធានការិយាល័យសហការជាមួយអង្គការមេត្រីភាព និងមានការសម្របសម្រួលនីតិវិធីពីសំណាក់់លោកឯក ស៊ុនរស្មីព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល ។
បើតាមសាក្សីនិយាយថា កម្លាំងនគរបាលមិនតិចពី៥០នាក់មយ្យោបាយមានរថយន្តម៉ូតូ និងកាំភ្លើងគ្រប់ដៃបានឡោមព័ទ្ធផ្ទះសំណាក់ រស្មី អង្គរ ឆែកឆេរតាមបន្ទប់ពេលនោះគេឃើញឃាត់ខ្លួនមនុស្ស៣នាក់(ស្រីម្នាក់)វាយខ្នោះ និងចាប់គ្រៀកស្ត្រីម្នាក់ដែលគេស្គាល់ថា ជាម្ចាស់ផ្ទះសំណាក់ស្រាប់តែកើតមានប្រតិកម្មភ្លាមៗរារាំងមិនឲ្យឆែកឆេរ និងឃាត់ខ្លួនមនុស្ស ព្រោះមិនឃើញមានដីកា ពីតុលាការហើយចោទប្រកាន់ថា ផ្ទះសំណាក់បង្កើតបទល្មើសបេស្យាចារ្យ ដែលការពិតមានតែភ្ញៀវមកជួលបន្ទប់ដេក ។
សាក្សីបន្តទៀតថាដោយកម្លាំងសមត្ថកិច្ចនៅតែអនុវត្តន៍វិធានការរបស់ខ្លួនដោយអះអាងថាផ្ទះសំណាក់នេះមានបទល្មើស”អន្តរការី”ស្តុបនារីបំរើផ្លូវភេទបានបន្តឆែកឆេរតាមបន្ទប់ឯម្ចាស់ផ្ទះសំណាក់ ក៏មិនណយដែរ បានទូរសព្ទ័ហៅបងប្អូនដែលគេដឹងថា សុទ្ធតែខ្សែគយ និងតុលាការ បានប្រឆាំងតវ៉ាមិនឲ្យឆែកឆេរ ដោយសំអាងថា ផ្ទះសំណាក់នេះ មិនបានប្រព្រឹត្តអ្វីឲ្យខុសច្បាប់ទើបឈានដល់ការប៉ះសំដីគ្នាខ្លាំងៗ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងដេកពូន លែងបានមិនតែប៉ុណ្ណោះ ផ្ទុះកក្រើកដល់ព្រះឥន្ទ (ព្រះរាជអាជ្ញា) ទាំងយប់ ចាត់ព្រះរាជអាជ្ញារងម្នាក់ គឺលោកឯក ស៊ុនរស្មី មកសម្របសម្រួល ។
សាក្សីរៀបរាប់ឲ្យដឹងទៀតថា នៅពេលដែលមានវត្តមានលោកព្រះរាជអាជ្ញារងរឿងរ៉ាវកាន់តែផ្ទុះឡើងខ្លាំងគឺមេប៉ូលិសលោករស់ សាវិន និងព្រះរាជអាជ្ញារងគងសំដីគ្នាបញ្ហាការអនុវត្តនីតិវិធី ដោយសំអាងច្បាប់រៀងៗខ្លួនម្ខាងថា មានបទល្មើសពាក់ពន្ធ័ម្ចាស់ទីតាំងឯម្ខាងទៀតថា មិនមានពាក់ពន្ធ័ម្ចាស់ទីតាំងតែយ៉ាងណាខាងសមត្ថកិច្ចនៅតែសំអាងថាមានបទល្មើសអន្តរការីបញ្ជាក់ថាម្ចាស់ទីតាំងមានការពាក់ពន្ធ័(ស្តុបស្រីបេស្យាចារ្យបំរើផ្លូវភេទ)ឯម្ចាស់ទីតាំងបដិសេធន៍ហើយអះអាងថា នឹងសមត្ថកិច្ចដែលចុះមកមួលបង្កាច់គ្មានការពិតនេះ ។
លោកឯក ស៊ុនរស្មី អ្នកសម្របសម្រួលនីតិវិធីបានឲ្យដឹងថា ដើម្បីមានតម្លាភាពលោក ក៏បានតម្រូវឲ្យសមត្ថកិច្ចសួរនាំអ្នកពាក់ពន្ធ័ជាបឋមនៅនឹងកន្លែងដើម្បីរកការពិតចៀសវាងការយល់ច្រឡំដោយ គ្រាន់តែការឆ្លើយដាក់អ្នកនេះអ្នកនោះដោយគ្នានភស្តុតាង ។ ក្រោយមានការសម្របសម្រួលនីតិវិធីមនុស្ស៣នាក់(ស្រីម្នាក់)ដែលសមត្ថកិច្ចអះអាងថា មានការទំនាក់ទំនងគ្នាអំពើបទល្មើសអន្តរការីត្រូវបានដោះខ្នោះពីដៃវិញ ដើម្បីឲ្យទៅឆ្លើយបំភ្លឺនៅការិយាល័យប៉ូលិសក្រៅពីនេះមិនមានការដកហូតអ្វីឡើយ ។
លោកព្រះរាជអាជ្ញារងបានបន្ថែមទៀតថា មនុស្សបីនាក់ដែលសមត្ថកិច្ចយកទៅសួរនាំលោកបានឲ្យវិលត្រឡប់ទៅផ្ទះវិញហើយ ។ ដោយឲ្យសមត្ថកិច្ចសើុបអង្កេតសារជាថ្មី ។
មជ្ឍដ្ខានជាច្រើនដែលបានតាមដានរឿងនេះបាននិយាយថាប្រតិបត្តិការបង្ក្រាបបទល្មើសបេស្យាចារ្យនៅផ្ទះសំណាក់ រស្មី អង្គរ គឺខ្លាំងប៉ះខ្លាំងផ្កាយប៉ះលោកខែហើយចាំមើលនឹងវិវត្តន៍យ៉ាងណា…?ហើយបានលន់មាត់ថានៅក្នុងផ្ទះសំណាក់នៅក្នុងក្រុងតាខ្មៅមិនខ្វះទេ ពាក់ពន្ធ័រឿងរ៉ាវខាងលើនេះ និងជាពិសេសខារ៉ាអូខេតែម្តងគឺភ្ញៀវចូលសប្បាយហើយតែងតែយកស្រីទៅសប្បាយកាយ ហេតុអ្វីសមត្ថកិច្ចចុះបង្ក្រាបតែផ្ទះសំណាក់មួយនេះ…?
គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវតែអនុត្តដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ ៕ ឆ ដា