ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មរាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្នលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ប្រមូលលុយបានយ៉ាងស្រួលៗក្នុងមួយខែៗ ពីបណ្ដាខេត្តនានាចូលមកចែកចាយតាមដេប៉ូនិងតាមរោងសិប្បកម្មជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ។ បញ្ហានេះគឺជារឿងដែលលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរមើលរំលងនោះទេព្រោះលោក គាំ សីហា មេរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ មិនដែលបង្ក្រាបបទល្មើសព្រៃឈើទាល់តែសោះ ហើយគិតតែពីរឿងប្រមូលលុយយ៉ាងសុខស្រួល។ ប្រភពខ្លះបានឲ្យដឹងថា ឈ្មួញដែលដឹកជញ្ជូនឈើពីបណ្ដាខេត្តនានា ចូលមករាជធានីភ្នំពេញ ឬឆ្លងកាត់រាជធានីភ្នំពេញ សុទ្ធតែមានទំនាក់ទំនងជាមួយលោក គាំ សីហា ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
ប្រភពដែលស្និទ្ធនឹងលោក គាំ សីហា បានឲ្យដឹងថា ក្នុងតំណែងជានាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ គឺលោក គាំ សីហា សប្បាយប្រមូលលុយតាមរបៀបពុករលួយដើម្បីយកធ្វើមានធ្វើបានផ្ទាល់ខ្លួន ហើយមិនចែកចាយដល់កូនចៅក្រោមឱវាទបានរស់ផងនោះទេ។ ប្រភពបានឲ្យដឹងទៀតថា ក្នុងមួយខែៗលោក គាំ សីហា ប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើចូលមករាជធានីភ្នំពេញ និងឆ្លងកាត់រាជធានីភ្នំពេញ តិចបំផុត៥០០០ដុល្លារទៅ១០០០០ម៉ឺនដុល្លារដោយសារអាងមានខ្នងបង្អែករឹងមាំ។ ដូច្នេះហើយទើបឈ្មួញធំៗមួយចំនួនអាចដឹកជញ្ជូនឈើចូលមកចែកចាយតាមដេប៉ូនិងតាមរោងសិប្បកម្មក្នុងរាជធានីភ្នំពេញ យ៉ាងរលូនហើយដឹកជញ្ជូនឈើឆ្លងកាត់រាជធានីភ្នំពេញដោយគ្មានញញើតអ្វីទាំងអស់។
បើតាមប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មរាជធានីភ្នំពេញ បានឲ្យដឹងថា ការដែលលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ ផងដែរ។ ប្រភពបានឲ្យដឹងទៀតថា រោងម៉ាស៊ីនអារឈើជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ ក៏ដូចជាដេប៉ូលក់ឈើនិងសិប្បកម្មកែច្នៃឈើរាប់រយកន្លែងក្នុងរាជធានីភ្នំពេញ គឺជាប្រភពចំណូលដ៏សំខាន់របស់លោក គាំ សីហា និងប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ ដែលគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងសុខស្រួល។ បញ្ហានេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក គាំ សីហា មេរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញខ្លះផង ព្រោះមន្ត្រីរូបនេះមិនដែលចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើម្ដងណាឡើយ ហើយគិតតែពីរឿងប្រមូលលុយយ៉ាងគឃ្លើនតែម្តង៕