ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងប្រចណ្ឌ! ហ៊ានលើកដៃកាប់សម្លាប់ប្រពន្ធក្នុងថ្លុកឈាមចោលកូន ២នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានអ្នក ភូមិផងរបងជាមួយ ចាប់ចងស្វាគមន៍មួយដៃមួយជើងរួចប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីជនសង្ស័យរូបនេះ កាប់ប្រហារសម្លាប់ប្រពន្យ៉ាងឃោរឃៅ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមដ៏រន្ធត់ ដែលគេសង្ស័យបណ្ដាលមកពីភ្លើងប្រចណ្ឌ ។

ហេតុការណ៍ឃាតកម្មប្ដីកាប់សម្លាប់ប្រពន្ធខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ និង២០នាទី យប់ ថ្ងៃច័ន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះប្ដីជាជនសង្ស័យជាឃាតក និងប្រពន្ធជាជនរងគ្រោះ ស្ថិតក្នុង ភូមិត្រពាំងឃ្លៃ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាល ស្រុកក្រគរ ជនសង្ស័យដៃដល់ឃាតកជាប្ដីឈ្មោះ ម៉ុន សាម៉ន អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ ភូមិ. ឃុំកើតហេតុ ចំណែកស្រ្តីរងគ្រោះ(ស្លាប់) ដោយសារកណ្ដាប់ដៃឃាតកជាប្ដីឈ្មោះ យឿន សាវិន អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ កម្មការិនីរោងចក្រកាត់ដេរ (តៃអ៊ុីសុី) មានកូនប្រុសចំនួន ២នាក់បន្ទុកគ្រួសារ ។

របាយការណ៍នគរបាលខាងលើបន្តថា មុនកើតហេតុស្រ្តីជាប្រពន្ធ(ជនរងគ្រោះ)ពេលត្រឡាប់ពីធ្វើការ បានទិញលៀសដើម្បីយកមកហូបបាយ ពេលជនរងគ្រោះមូជទឹកសម្អាតកាយរួចរាល់ ក៏ហូបបាយជុំគ្នាឪពុក ម្ដាយ និងកូនៗចំនួន ៤នាក់ ខណៈនោះកូនទៅរើសបោយយកមកវិញ ស្រ្តីជាជនរងគ្រោះឆក់យកបោយពីដៃកូនគប់ប្ដីជា (ជនសង្ស័យ) ប្ដីទាញកែវគប់តបទៅប្រពន្ធទៀត ប្រពន្ធខំគេចក៏បណ្ដាលឲ្យដួល ខណៈទំនងឃើញឱកាសល្អដែលខ្លួនមានគំនិតផងនោះ ទាញយកពូថៅកាប់ប្រហារលើប្រពន្ធអត់ប្រណីនោះឡើយ បណ្ដាលឲ្យចំកផ្នែកខាងស្ដាំចំនួន ២ពូថៅ ស្លាប់ក្នុងថ្លុកឈាមនៅ កន្លែងយ៉ាងរន្ធត់ ។

របាយការណ៍ដដែលបន្តទៀតថា ក្រោយធ្វើសកម្មភាពរួចរាល់ជនសង្ស័យជាប្ដី បានប្រាប់អ្នកក្បែរខាងថា អញកាប់ប្រពន្ធអញស្លាប់ហើយ ពេលនោះអ្នក ភូមិផងរបងជាមួយ និងសាច់ញាតិព័ទ្ធបានស្វាគមន៍យ៉ាងចាស់ដៃផងដែរ រួចចងដៃ.ជើងរាយការណ៍ និងប្រគល់ជូនសមត្ថកិច្ច ជនសង្ស័យដៃដល់ឃាតកជាប្ដីឈ្មោះ ម៉ុន សាម៉ន បច្ចុប្បន្ន នាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាល ស្រុកក្រគរ ៕ បុឹម ពិន


ចែករំលែក៖