ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ ប្រធានមន្ទីរបរិស្ថាន​ខេត្តកំពង់ស្ពឺ​ បណ្តោយ​ឲ្យឈ្មួញដឹកឈើ​តាមចិត្ត

ចែករំលែក៖

ប្រភពពីប្រជាពលរដ្ឋនៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះឈ្មួញធំៗសម្រុកដឹកជញ្ជូនឈើ និងអនុផលព្រៃឈើ ចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ យ៉ាងពេញបន្ទុកហើយការបង្ក្រាបរបស់សមត្ថកិច្ចនាពេលកន្លងមកបានត្រឹមតែធ្វើឲ្យល្អមើលប៉ុណ្ណោះ ។ ដោយហេតុថា ឈ្មួញធំៗដែលប្រើប្រាស់រថយន្តចំណុះរាប់សិបម៉ែត្រគូបឬរាប់សិបតោនដឹកជញ្ជូនអនុផលព្រៃឈើ ដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅតែអាចគេចផុតពីសំណាញ់ច្បាប់យ៉ាងគឃ្លើន ហើយបន្តប្រព្រឹត្តបទល្មើសដោយគ្មានខ្លាចក្រែងអ្វីឡើយ ។ ចំណែកលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានរក្សាភាពស្ងៀមស្ងាត់បើទោះបីព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ រងការបំផ្លាញយ៉ាងមហន្តរាយក៏ដោយ ។

តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះឈ្មួញឈ្មោះ ចែលីន ដែលអាងមានខ្នងបង្អែករឹងមាំកំពុងធ្វើសកម្មភាពប្រមូលទិញអុស ប្រមូលទិញឈើ ដឹកជញ្ជូនតាមរថយន្តធុនធំចេញពីស្រុកឱរ៉ាល់ យ៉ាងរលូន ។ ប្រភពបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺឈ្មួញឈ្មោះ ចែលីន មិនអាចដឹកជញ្ជូនឈើ ដឹកជញ្ជូនអុស ពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចូលមករាជធានីភ្នំពេញ យ៉ាងសុខស្រួលដូចសព្វថ្ងៃនេះទេ ។ បើតាមប្រភពបានឲ្យដឹងថា ឈ្មួញម្នាក់នេះអាងមានខ្នងបង្អែករឹងមាំទើបហ៊ានធ្វើសកម្មភាពកេណ្ឌប្រជាពលរដ្ឋឲ្យចូលកាប់អុស កាប់ឈើ ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយខ្លួនជាអ្នកប្រមូលទិញដឹកជញ្ជូនតាមរថយន្តធុនធំចូលមករាជធានីភ្នំពេញ យ៉ាងពេញបន្ទុកតែម្តង ។

មន្ត្រីនៅក្នុងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ទេនោះគឺឈ្មួញឈ្មោះ ចែលីន មិនអាចធ្វើសកម្មភាពបំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ យ៉ាងគឃ្លើនដូចសព្វថ្ងៃនេះទេ ។ ក្រសួងបរិស្ថាន មិនគួរបណ្ដែតបណ្ដោយតទៅទៀតឡើយ ព្រោះព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចៀសមិនផុតពីវិនាសដោយសារឈ្មួញឈ្មោះ ចែលីន ដែលមានខ្នងបង្អែករឹងមាំនោះឡើយ ៕


ចែករំលែក៖