ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆាបឆេះខ្សែភ្លើងយ៉ាងសន្ធោសន្ធៅ ដាច់ធ្លាក់មកលើសំយ៉ាបផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីឆាបឆេះខ្សែភ្លើងនៅយ៉ាងសន្ធោសន្ធៅ ដាច់ធ្លាក់មកលើសំយ៉ាបផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើលដល់មត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ មិនបណ្ដាលឲ្យមានការឆាបឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៣រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវលេខ៤៣០ កែងផ្លូវលេខ៤៩៤ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពពត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញខ្សែភ្លើងដែលរាយកាត់មុខផ្ទះ បានឆ្លងចរន្តអគ្គិសនីឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យដាច់ធ្លាក់ខ្សែភ្លើងរាយប៉ាយពេញផ្លូវ និងធ្លាក់ទើរលើសំយ៉ាបផ្ទះពួកគាត់ ហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ដើម្បីចុះមកដល់កន្លែងកើតហេតុ ។

បន្ទាប់មកសមត្ថកិច្ច និងអាជ្ញាធរ បានទាក់ទងទៅខាងអគ្គិសនី ដើម្បីឲ្យផ្តាច់ភ្លើងនៅចំណុចកើតហេតុនោះ ភ្លាមៗ និងបានរាយការណ៍ទៅរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ចេញមកជួយទឹកបាញ់ពន្លត់ទាន់ពេលវេលាភ្លាមៗផងដែរ ទើបភ្លើងក៏រលត់ទៅវិញ ។ ក្នុងហេតុការណ៍នេះដែរ មិនបានប៉ះពាល់អ្វីធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទេ គ្រាន់តែឆេះដាច់ខ្សែភ្លើងធ្លាក់រាយប៉ាយពេញផ្លូវ និងដាច់ចរន្តអគ្គិសនីតែប៉ុណ្ណោះ ។

ក្រោយពីកើតហេតុ រួចក៏មានខាងក្រុមបច្ចេកទេសរបស់អគ្គិសនីកម្ពុជា EDC បានចុះមកដល់កន្លែងហេតុ ដើម្បីត្រួតពិនិត្យនិងរៀបចំតខ្សែភ្លើងថ្មីជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាធម្មតាវិញ ៕ ជ្រោយពេជ្រ


ចែករំលែក៖