ខេត្តកំពង់ធំ៖ ដីព្រៃលិចទឹកតំបន់ហាមឃាត់មាត់បឹងទន្លេសាប ចំណុចស្ទឹងកំបុត ស្ថិតក្នុងឃុំទៀលស្រុកបារាយណ៍ ខេត្តកំពង់ធំជាច្រើនពាន់ហិកតា ត្រូវបានក្រុមឈ្មួញប្រើគ្រឿងចក្រលើកទំនប់ជីកប្រឡាយហ៊ុមព័ទ្ធ ទន្ទ្រានយកដីធ្វើកម្មសិទ្ធិឯកជន ។
ប្រជាកសិករស្រែប្រាំង ១ ក្រុមបានអះអាងថា ដីព្រៃលិចទឹកតំបន់ហាមឃាត់មាត់បឹងទន្លេសាប ចំណុចស្ទឹងកំបុត ស្ថិតក្នុងឃុំទៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាច្រើនពាន់ហិកតាត្រូវបានក្រុមឈ្មួញប្រើគ្រឿងចក្រលើក ទំនប់ជីកប្រឡាយហ៊ុមព័ទ្ធទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់ហើយ ពុំដែលមានអាជ្ញាធរណាទប់ស្កាត់ឡើយ ។ ទីតាំងដែលគេលួចទន្ទ្រានលើកទំនប់ជីកប្រឡាយហ៊ុមព័ទ្ធយកដីព្រៃលិចទឹក នៅតំបន់៣ចំណុចខាងលើនេះ គឺជាតំបន់ចុងក្រោយបង្អស់ដែលច្បាប់ហាមឃាត់ដាច់ខាត ។
ប្រជានេសាទម្នាក់សូមមិនបង្ហាញឈ្មោះឲ្យដឹងថា អ្នកមានលុយកាក់ ម្នាក់ ឈ្មោះ បេស្រីន កន្លងមកបានយកគ្រឿងចក្រមកកាប់ទន្ទ្រាន លើកទំនប់ជីកប្រឡាយព័ទ្ធ យកដីព្រៃលិចទឹករាប់ពាន់ហិកតា ដោយប្រើឈ្មោះអ្នកមានអំណាចម្នាក់នៅអង្គភាព (ង ៧០ ) នៅភ្នំពេញ ដើម្បីទន្ទ្រានដីព្រៃលិចទឹក នៅចំណុចស្ទឹងកំបុតនេះ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។
លោកបន្តថា គាត់ធ្លាប់ផ្ដល់ព័ត៌មានទៅអាជ្ញាធរដែរ តែមិនមានដំណោះស្រាយទេ ឃើញតែអ្នកមកធ្វើដដែលៗ លោកបារម្ភថា ថ្ងៃខាងមុខ នឹងអស់ដីព្រៃលិចទឹកកាន់តែធ្ងន់ធ្ងរ ព្រោះអត់មានចំណាត់ការអីច្បាស់លាស់ ទៅលើអ្នកប្រព្រឹត្តនោះទេ ហើយអ្នកដែល ហ៊ានចេះ តែបានទៅ អ្នកដែលខ្លាច ចេះតែអត់ ។
លោកកត់សម្គាល់ទៀតថា មូលហេតុនៃការបំផ្លាញព្រៃរនាមនេះ ទំនងដោយសារអាជ្ញាធរមិនអើពើទប់ស្កាត់ទើបធ្វើឲ្យជនល្មើសហ៊ានប្រព្រឹត្តដោយសេរីនោះ ។ លោកទទូចឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនល្មើសដែលទន្ទ្រានដីព្រៃលិចទឹកជាបន្ទាន់ ដើម្បីរក្សាដីព្រៃទុកជាជម្រកត្រីពងកូនបន្តទៀត ។
ឆ្លើយតបនឹងការចោទប្រកាន់ខាងលើនេះ លោក បេ ស្រីន បានឆ្លើយប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងខ្លីថា ” ដី នោះ លោកបានទិញពីសហគមន៍ អួរលួ មានឯកសារ លក់ ទិញ តាំងពីតា ឈាន់ តាទុំ ធ្វើចៅហ្វាយខេត្តមកម្ល៉េះចាំស្អែកខ្ញុំយកឲ្យមើល ” ហើយក៏បិទទូរស័ព្ទបាត់ ទៅ ! ។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍លោកបានមានប្រសាសន៍ តាមទូរស័ព្ទថា ចំពោះបញ្ហាដីធ្លី នៅតំបន់នោះ មិនជាប់ពាក់ព័ន្ធនឹងរូបលោកទេ បើចង់ដឹងច្បាស់សួរទៅ ជំនាញជលផលទៅ ។
ទោះជាយ៉ាងណា តំណាងប្រជានេសាទ អះអាងថា ព្រៃលិចទឹកដែលគេកាប់បំផ្លាញនោះ ស្ថិតនៅក្នុងតំបន់ ៣ ហើយធ្វើសកម្មភាពជារៀងរាល់ឆ្នាំ គឺរហូតអស់ព្រៃរាប់ពាន់ហិកតា ។ ម្យ៉ាងទៀត ពួកគេបន្តសកម្មភាពមិនទាន់ឈប់នៅឡើយទេ ។
ពួកគាត់លើកឡើងថា ប្រសិនបើអាជ្ញាធរមិនទប់ស្កាត់ការបំផ្លាញដីព្រៃទេ នឹងធ្វើឲ្យហិនហោចអស់ព្រៃលិចទឹកហើយធ្វើឲ្យផលត្រីកាន់តែខ្សត់ទៅនាំឲ្យប៉ះពាល់ដល់របរនេសាទរបស់ប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាបជាពុំខាន ៕ ប៊ុនរិទ្ធី