ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីផឹកសុី បើករថយន្តបុកបង្គោលភ្លើង បាក់មួយដើម រថយន្តធ្លាក់ចូលប្រឡាយ ត្រាំទឹកស្អុយទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងបុរសពីរនាក់ទៀត ចេញពីផឹកសុីបើករថយន្តឡិចស៊ីស RX-330 មួយគ្រឿងត្រឡប់ទៅផ្ទះវិញ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើម រាបដល់ដី ចំណែករថយន្តបង្កបានជ្រុលទៅធ្លាក់ចូលប្រឡាយទឹកស្អុយ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ហេតុការណ៍នេះ កើតឡើងកាពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ជិត ផ្លូវរភ្លើង ភូមិអូឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពពីម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់គ្នា៣នាក់ បានចេញពីផឹកសុី នៅហាងមួយកន្លែងម្តុំស្ទឹងមានជ័យ ដោយបើករថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស RX-330 ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2AW-6780 បំណងត្រឡប់ទៅផ្ទះ នៅបូរីពិភពថ្មីកំបូលដោយធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានគេចពីម៉ូតូមួយគ្រឿងបើកនៅខាងមុខបណ្តាលឲ្យរេចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើមរាបដល់ដីចំណែករថយន្តធ្លាក់ចូលប្រឡាយទឹកស្អុយទៅមុខលែងរួច តែអ្នកបើកបរ និងអ្នករួមដំណើរ មិនមានរងរបួស ។

ខណៈនោះក៏មានបុរសពីរនាក់ស្លៀកពាក់សុីវិល មានសៀត ID នឹងចង្កេះ បានមកចរចា ជាមួយម្ចាស់រថយន្ត ដោយជួយហៅរថយន្តស្ទូចមកស្ទូចយកទៅផ្ទះ ឲ្យ ដោយទារលុយចំនួន៣០០ដុល្លារតែម្ចាស់រថយន្តមិនព្រម ធ្វើឲ្យផ្អ្លើលដល់សមត្ថកិច្ចមូលដ្ឋាន និងអ្នកសារព័ត៌មានចុះមកផ្តិយករូបភាព ស្រាប់តែបុរសទាំងពីរនាក់នោះ បានរករឿងសមត្ថកិច្ច និងអ្នកសារព័ត៌មានមិនឲ្យថតយករូបភាព ដើម្បីពួកគេងាយស្រួលចាត់ការតាមការគួរ ។ បន្ទាប់មក សមត្ថកិច្ចបានសួរនាំបុរសទាំងពីរនាក់នោះដែរ តែពួកគេមើលសភាពមិនស្រួល បាននាំគ្នាចេញពីកន្លែងកើតបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖