ប្រភពពីប្រជាពលរដ្ឋនៅក្នុងស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានឲ្យដឹថា មួយរយៈចុងក្រោយនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃព្រះរកា កើតមានយ៉ាងពេញបន្ទុកព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន ។ ចំណែកមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា មន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃព្រះរកា គឺជាអ្នកឃុបឃិតឲ្យក្រុមហ៊ុនមួយចំនួនបំពានចូលកាប់ឈើប្រណីត ឈើប្រភេទលេខ១ ហើយដឹកជញ្ជូនចេញពីព្រៃយ៉ាងរលូនតែម្តង ។ ការដែលមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃព្រះរកា ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ា សុខា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារនេះឯង ។
ប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុននិងឈ្មួញធំៗនៅតែបន្តកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃព្រះរកា យ៉ាងអនាធិបតេយ្យព្រោះមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃព្រះរកា គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅយ៉ាងសុខស្រួល ។ បទល្មើសបំផ្លាញព្រៃឈើក្នុងតំបន់ព្រៃព្រះរកា នៃស្រុកត្បែងមានជ័យ គឺជាអ្នកភស្ដុតាងបង្ហាញថា បទបញ្ជារបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ គឺជារឿងឥតន័យព្រោះលោក អ៊ា សុខា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និងមន្ត្រីក្រោមឱវាទនៅតែបន្តឃុបឃិតឲ្យក្រុមហ៊ុននិងក្រុមឈ្មួញធំៗបំផ្លាញព្រៃព្រះរកា យ៉ាងពេញបន្ទុកដដែល ។ សកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារ បានកត់សម្គាល់ថា នៅពេលប្រជាពលរដ្ឋដឹកអុសកាប់ឈើបន្តិចបន្តួចដឹកចេញពីព្រៃព្រះរកា ត្រូវបានមន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបយ៉ាងកំរោល ប៉ុន្តែនៅពេលក្រុមហ៊ុននិងឈ្មួញធំៗដឹកជញ្ជូនឈើតាមរថយន្តយីឌុប រថយន្តប្រភេទវ៉េអងចេញពីព្រៃព្រះរកា មិនដែលមានមន្ត្រីបរិស្ថានឬសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបទាល់តែសោះ ។
ចំណែកប្រភពពីប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកឆែប ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នព្រៃព្រះរកា ក្នុងមូលដ្ឋានពួកគាត់នៅតែប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយ ព្រោះក្រុមហ៊ុនដែលទទួលបានដីសម្បទានក្បែរៗនោះតែងបំពានចូលកាប់ឈើដឹកចេញពីព្រៃព្រះរកា យ៉ាងរលូន ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តព្រះវិហារ បានរិះគន់ថា ចំណាត់ការរបស់សមត្ថកិច្ចចម្រុះក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់ព្រៃព្រះរកា នាពេលកន្លងមកគ្រាន់តែធ្វើឲ្យល្អមើលប៉ុណ្ណោះ ព្រោះគេបង្ក្រាបតែប្រជាពលរដ្ឋដែលដឹកអុស ដឹកឈើបន្តិចបន្តួច ហើយឈ្មួញធំៗដឹកជញ្ជូនឈើតាមរថយន្តបង្កុង រថយន្តវ៉េអង និងរថយន្តយីឌុប មិនដែលឃើញសមត្ថកិច្ចចម្រុះចាត់វិធានការបង្ក្រាបទាល់តែសោះ ។ ក្នុងនោះលោក អ៊ា សុខា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ត្រូវបានគេដឹងថាជាមេខ្លោងនៅពីក្រោយបទល្មើសបំផ្លាញព្រៃព្រះរកា យ៉ាងមហន្តរាយព្រោះលោក អ៊ា សុខា បណ្ដោយឲ្យមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃព្រះរកា ធ្វើអ្វីៗតាមអំពើចិត្ត៕