ភ្នំពេញ៖ រថយន្តមួគ្រឿងបើកលឿនជ្រុលចង្កូតទៅបុករបាំង ទ្រូងផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើង ចំណែកអ្នកបើករថយន្តបាក់ជើង ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជិត៤ទៀបភ្លឺ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ខាងមុខព្រលានយន្តហោះអន្តរជាតិពោចិនតុង ក្នុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហតុបានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញបុរសជនជាតិចិនម្នាក់បើករថយន្តម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2-Z0739 ធ្វើដំណើរតាមបណ្ដោយផ្លូវសហពន្ធ័រុស្សីក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញ ទំហឹងបណ្ដាលឲ្យបាក់៣កង់ ចំណែករថយន្តបង្កក្រឡាប់ផ្ងារជើង ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរចុះមកស្ទូចយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ