ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំពីរគ្រឿងបុកគ្នា ខ្ទាតទៅបុកបង្គោលភ្លើង និងបុករបងផ្ទះប្រជាពលរដ្ឋ ផ្អើលទាំងយប់ នៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តធុនធំពីរគ្រឿង បុកគ្នាខ្ទាតទៅបុកបង្គោលភ្លើង បាក់អស់ពីរដើម រាបដល់ដី និងបុករបងផ្ទះប្រជាពលរដ្ឋ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ កែងផ្លូវឧកញ្ញាម៉ុងរិទ្ធី ចំណុចស្តុប២៤ម៉ោង ក្នុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ឃើញបុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដឹកទំនិញមួយគ្រឿង ក្បាលពណ៌ស បិទLogo ដឹកជញ្ជូន(ឆ–ន) ពាក់ស្លាក លេខតាកែវ 3A-2592 ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយក្នុង ទិសដៅពីជើងទៅត្បូង ខណៈដល់ចំណុចកើតហេតុបានជ្រុលទៅបុករថយន្តធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយសណ្តោយដឹកដែកក្បាលពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3E-2399 បើកបរ ដោយយុវជនម្នាក់រួមដំណើរដោយយុវជនម្នាក់ទៀតធ្វើ ដំណើរតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធីក្នុង ទិសដៅពីកើតទៅលិចឆ្លងមកផ្លូវសម្តេចជាសុីម ចំកាប៊ីនរថយន្តហ៊ីយ៉ាន់ដាយដឹកដែកចំផ្នែកខាងស្តាំ រេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋបាក់អស់មួយផ្ទាំង និងរទេះលក់សាច់អាំងខូចខាតអស់ជាច្រើន ចំណែកឯរថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម និងបង្គោលភ្លើងថ្មមួយដើមទៀតបាក់រាប់ដល់ដី តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ភ្លាមៗនោះសមត្ថកិច្ចប្រចាំការនៅគោលដៅប៉ុស្តិ៍២៤ម៉ោងបានឃាត់ខ្លួនអ្នកបើករថយន្តហ៊ីយ៉ានដាយដឹកដែក និងអ្នករួមដំណើរបានភ្លាមៗ ចំណែកអ្នកបើកររថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញបានគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញចរាចរចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅ រក្សាទុកនៅការិយាល័យចរាចរផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖