ភ្នំពេញ ៖ ក្រុមមនុស្សសេពថ្នាំញៀន និងជនអនាថាជាច្រើន បាននាំគ្នាសង់រោងតង់អនាធិបតេយ្យដែលសង់ស្នាក់នៅ ក្នុងវត្តពោធិព្រះបាទហៅច្បារអំពៅ មានទីតាំងក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានកម្លាំងប្រជាការពារសង្កាត់ចុះរុះរើតង់កៅស៊ូជាច្រើនកន្លែងយកមកដុតកម្ទេចចោល ។
យោងតាមប្រភពពី លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ លោកបានដឹកនាំកម្លាំងប្រជាការពារសង្កាត់ច្បារអំពៅទី២ ចុះរុះរើរោងតង់អនាធិបតេយ្យដែលអ្នកមកស្នាក់នៅ គឺសុទ្ធសឹងជាក្រុមមនុស្សសេពថ្នាំញៀន និងជនអនាថាជាដើម ហើយក្រុមនេះ មកសង់រោងជាតង់កៅស៊ូនៅក្បែរចេតិយ និងក្រោមជណ្តើរព្រះវិហារ និងតែងតែនាំគ្នាផឹកស៊ីស្រវឹងស្រែកឡូឡាទាំងកណ្តាលយប់ បង្កឲ្យប៉ះពាល់ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងវត្ត ។
លោកបន្តថា លោកទីតាំងខាងលើនេះ មិនអនុញ្ញាតឲ្យមានការបោះតង់ស្នាក់នៅអនាធិបតេយ្យបន្តទៀតឡើយ ព្រោះបើមិនរុះរើចេញទេ គឺច្បាស់ជាបង្កើតជារោងតង់អនាធិបតេយ្យពេញទីអារ៉ាមជាមិនខាន ៕សណ្ដោស