ខេត្តសៀមរាប៖ ជញ្ជីងចេះតែដាក់ថ្លឹង តែផ្លូវចេះតែខូច ។ ក្រោយពីមានចម្ងល់ពីមហាជនថា ផ្លូវសំខាន់ៗមួយចំនួន ក្នុងក្រុងសៀមរាប ហាក់រងការខូចខាតយ៉ាងដំណំ អស់ជាច្រើនឆ្នាំមកហើយ ដោយមិនឃើញមានអាជ្ញាធរពាក់ព័ន្ធ ចុះថែទាំ និងជួសជុលផ្លូវទាំងនោះនៅឡើយ ខណៈរដូវវស្សា ឈានចូលមកដល់ ធ្វើឲ្យផ្លូវមួយចំនួនរងការខូចខាតធ្ងន់ធ្ងរទៅៗ ក្នុងនោះផ្លូវមួយចំនួន នៅកណ្ដាលក្រុងសៀមរាប កំពុងរងការខូចជាបន្តបន្ទាប់យ៉ាងធ្ងន់ធ្ងរ ដូចជាផ្លូវក្រវ៉ាត់់ក្រុង ផ្លូវតាអ៊ុច ផ្លូវមុខសមាគមវៀតណាម ជាដើម ក្រៅពីផ្លូវខាងលើ ក៏នៅមានផ្លូវជាច្រើនទៀត ដែលកំពុងរងការខូចខាតផងដែរ ។
ទន្ទឹមនឹងការខូចផ្លូវយ៉ាងច្រើន នៅខេត្តសៀមរាប គេឃើញមានជញ្ជីងថ្លឹងរថយន្តដល់ទៅ២កន្លែង គឺក្នុងស្រុកពួក និងស្រុកប្រាសាទបាគង នៃខេត្តសៀមរាប រង់ចាំត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់ ដឹកឆ្លងកាត់ ។ ប៉ុន្តែករណីខាងលើនេះ មហាជនឆ្ងល់ថា ហេតុអ្វីបានជារៀងរាល់ថ្ងៃ គេឃើញមានរថយន្តធុនធំវែងៗ ដឹកឆ្លងកាត់ជញ្ជីង ទាំង២ខាងលើយ៉ាងរំភើយ ដោយគ្មានការត្រួតពិនិត្យអ្វីឡើយ ហើយក្នុងនោះគេសង្កេតឃើញមន្ត្រីឈរជើងនៅទីនោះមិនកាក់រថយន្តធំៗទាំងនោះដើម្បីទម្លាក់ឥវ៉ាន់ដែលគេសង្ស័យថាដឹកលើសទម្ងន់នោះឡើយ! គេសង្ស័យថា ទង្វើបែបនេះ អាចមានករណីបង្កប់អំពើពុករលួយជាប្រព័ន្ធ ឃុបឃិតគ្នា ទទួលលុយសំណូកជាថ្នូរនិងការមិនអនុវត្តច្បាប់។
មជ្ឈដ្ឋាននានាតែងតែមានចម្ងល់ថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ នៅខេត្តសៀមរាប បានរីកមុខមាត់ថ្មី និងមានហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនល្អប្រសើរខ្លាំងណាស់ ប៉ុន្តែបញ្ហាមួយចំនួន ហាក់បីមិនទាន់មានដំណោះស្រាយនៅឡើយ ដូចជាបញ្ហាការដាក់ប្រព័ន្ធលូ មានការយឺតយ៉ាវ ផ្លូវខ្លះគ្មានការជួសជុល ជាហេតុអាចនាំឲ្យប្រជាពលរដ្ឋ មិនសប្បាយចិត្ត និងរិះគន់ជាបន្តបន្ទាប់។
ប្រជាពលរដ្ឋសំណូមពរ និង សង្ឃឹមថា លោកទៀ សីហា អភិបាល ខេត្តសៀមរាប ដែលទើបឡើងកាន់តំណែងថ្មីៗ នឹងប្រឹងអភិវឌ្ឍផ្លូវឲ្យមានការល្អប្រសើរ ជាងមុន ៕ ប៊ុនរិទ្ធី