ព័ត៌មានទាន់ហេតុការណ៍៖

នារី២នាក់ បើកម៉ូតូឌុបគ្នា ត្រូវបានរថយន្តបុកផ្លោង ចូលក្រោមរថយន្តមួយគ្រឿងចតតាមចិញ្ចើមផ្លូវ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ នារី២នាក់បើកម៉ូតូមួយគ្រឿងឌុបគ្នាទៅទិញម្ជូរ ត្រូវបានរថយន្តស៊េរីទំនើប បើកបុកផ្លោងចូលក្រោមរថយន្តមួយគ្រឿងទៀតចតតាមចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃព្រហស្បត្តិ ទី១៦ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩ កែងនិងផ្លូវលេខ១០៨ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ដែលស្លាប់មានឈ្មោះ ស្រ៊ុន សំបាត់ចរិយា អាយុ២៤ឆ្នាំ និងអ្នករងរបួសធ្ងន់មានឈ្មោះ សៀត គ្រីម៉ាស់ អាយុ២៥ឆ្នាំ ។

ប្រភពព័ត៌មានពីបុរសម្នាក់បាន ឲ្យដឹងថា មុនកើតហេតុ នារីរងគ្រោះទាំងពីរនាក់ជាអ្នក រួមការងារជាមួយគ្នានៅហាងអុីនធើណេតមួយកន្លែងបានខ្ចីម៉ូតូគាត់មួយគ្រឿងម៉ាកស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-1867 យកជិះទៅទិញម្ជូរហូបដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Lexus -570 ពណ៌សមិនចាំស្លាកលេខ បើកបរតាមបណ្តោយផ្លូវលេខ១០៨ក្នុងទិសដៅពីលិចទៅកើតមកបុកពេញទំហឹងបណ្តាល ឲ្យជនរងគ្រោះម្នាក់ផ្លោងទៅចូលក្រោមរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស GX470 ពណ៌ស ចតនៅចិញ្ចើមផ្លូវបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ រីឯម្នាក់ទៀតរងត់របួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗរីឯរថយន្តបង្កបើករត់គេចខ្លួន បាត់ស្រមោល ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញចរាចរចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដូនពេញ រងចាំសាច់ញាតិយកឯកសារមកផ្ទៀតផ្ទាត់ប្រគល់ជូនម្ចាស់វិញ ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ ជ្រោយពេជ្រ


ចែករំលែក៖