ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូត្រូវរថយន្តបង្កបើកបុក ចំពីមុខយ៉ាងពេញទំហឹង ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយនេះ បានកើតឡើងកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៩និង៤៥នាទី ត្រង់ចំណុចផ្លូវលេខ១៥១ ភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមអ្នកដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក ATOZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-1435 ធ្វើដំណើរលើផ្លូវលេខ១៥១ក្នុងទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ (គេចខ្លួនពីកន្លែងកើតហេតុមិនស្គាល់អត្តសញ្ញាណ) លុះមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AK-2998 ធ្វើដំណើរក្នុងទិសដៅកើតទៅលិច ( ទិសដៅច្រាស់គ្នា ) បើកបរដោយឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ ៥០ឆ្នាំ ស្នាក់នៅភូមិថ្នល់បន្ទាយសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ ) ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរណ៍ខាងលើនេះ បណ្តាលមកពីខាងភាគីអ្នកបើករថយន្តបង្ក បើកលឿនខ្វះការប្រុងប្រយ័ត្ន មិនគោរពច្បាប់ចរាចរណ៍ និងមិនប្រកាន់ចំណែកផ្លូវទើបជ្រុលទៅបុកម៉ូតូដែលជិះច្រាស់ទិសគ្នាបណ្តាលឲ្យមានអ្នកស្លាប់បែបនេះ ចំណែករថយន្តបង្ក និងម៉ូតូរងការខូចខាតយ៉ាងដំណំដូចគ្នា ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ចំណែករថយន្តបង្ក និងម៉ូតូរងគ្រោះត្រូវបានកម្លាំងការិយាល័យនគរបាលផ្លូវគោកធ្វើការវាសវែងយកទៅរក្សារទុករង់ចាំម្ចាស់ចូលខ្លួនធ្វើការដោះស្រាយតាមច្បាប់ ៕ ធឿនព្រែកជ័យ