ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឌុច សុខសារិន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ បានចេញដីកាឃុំខ្លួនជនជាតិចិនម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ។
នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ថ្លែងថា ជនជាតិចិនរូបនេះឈ្មោះ ឈីវ ឆាងអ៉ីអាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ចល័ត មានស្រុកកំណើត ភូមិជីងពូក ស្រុកថៃសាន ក្រុងតាអាន់ ខេត្តជីលីង និងមានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៣B-១៥B ផ្លូវណតប្រ៊ីត ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ។
សមត្ថកិច្ច បានបញ្ជាក់ថា កាលពីអំឡុងចុងខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ជនជាតិចិននិងក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំបានស្គាល់គ្នា និងបានទាក់ទងគ្នាជាញឹកញាប់តាមប្រព័ន្ធទំនាក់ទំនងសង្គមវីឆាត (Wechat)។
ក្រោយមកជនជាតិចិន បានឆាតអោយក្មេងស្រីរងគ្រោះទៅជួបនៅផ្ទះសំណាក់ឈ្មោះ ឡាន់ ធាន ស្ថិតនៅផ្លូវណតប្រ៊ីត ខណ្ឌសែនសុខ និងបានលួងលោមរួមភេទបានចំនួន២ដង ដោយមានថតរូបទុកទៀតផងនិងបានសន្យាថានឹងទិញចិញ្ជៀនអោយ ហើយនឹងចូលស្តីដណ្តឹងរៀបការ និងនាំទៅរស់នៅប្រទេសចិនទៀតផង ៕ចេស្តា