ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សចំនួន ៥នាក់បានរងរបួសស្រាលធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២ករណី ដែលបានកើតឡើងជាបន្តបន្ទាប់ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ និងលេខ៥៥ ។
យោងតាមរបាយការណ៍នគរបាលផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកក្រគរឃើញថា នៅវេលាម៉ោង៤ និង១០នាទី រសៀលថ្ងៃពុធ ១២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦១.១៦២ ស្ថិតក្នុងភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយអ្នកបើកបររថយន្តស្រាបៀរ ១គ្រឿង ពណ៏ក្រហម ពាក់ស្លាកលេខ ពោធិសាត់ 3A 0684 ឈ្មោះ ស៊ុន សុីណាត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិជ័យជំនះ ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់(របួសស្រាល) និងអ្នករួមដំណើរទី១ ឈ្មោះ មុី សុីនួន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់(របួសស្រាល)ទី២ ឈ្មោះ ឈឿន យីតា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអូរតូង សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់(ធ្ងន់) ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរេចង្កូតទៅផ្នែកខាងឆ្វេងដៃ ក្រឡាប់ផ្ងារជើងក្នុងទឹកស្នាមភ្លោះបែបនេះតែម្ដង ខណៈនោះមនុស្សវាចេញពីក្នុងកាប៊ីនទាំងរងរបួស ករណីនេះសង្ស័យបណ្ដាលមកពីកៀបហ្រ្វាង ។
ដោយឡែក៖ របាយការណ៍នគរបាលផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកវាលវែងឯនេះវិញឃើញដែរថា នៅវេលាម៉ោង៨ និង២០នាទី យប់ថ្ងៃដដែលនេះដែរ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩១.៩២ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ បង្កឡើងដោយអ្នកបើកបរម៉ូតូ ១គ្រឿងម៉ាក ហុងដា វ៉េវអាល់ហ្វា ពណ៏ខ្មៅ គ្មានស្លាកលេខ ឈ្មោះ តុក តា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រាវជួរ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បច្ចុប្បន្ន ស្នាក់នៅភូមិ.ឃុំកើតហេតុ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុជ្រុលបុកមនុស្សកំពុងដើរ បណ្ដាលឲ្យដួលបោកផ្ទប់ទៅនឹងថ្នល់ រងរបួសធ្ងន់ទាំងភាគីបើកបរម៉ូតូបង្ក និងអ្នកស្មើជើង ។
ប្រភពព័ត៌មានពីរបាយការណ៍នគរបាលទាំង ២ករណីខាងលើ មន្រ្ដីនគរបាលជំនាញចរាចរណ៍ផ្លូវគោក កំពុងមមាញឹកបន្តនីតិវិធី ៕ បុឹម ពិន