ក្រោយបញ្ជូនក្រុមនាវាផ្ទុកយន្តហោះ យន្តហោះទម្លាក់គ្រាប់ យុទ្ធសាស្ត្រ B-52 នៅពេលនេះ អាមេរិកបានបន្តបញ្ជូន នាវាចម្បាំងពីរគ្រឿងបន្ថែមទៀត ទៅកាន់តំបន់ឈូងសមុទ្រ ។ នាវាទាំងពីរគ្រឿង បំពាក់មីស៊ីល Tomahawk ដែលអាមេរិកធ្លាប់ប្រើប្រាស់វាយប្រហារទៅលើទីតាំងនៅស៊ីរី ។
នាវាចម្បាំងបំពាក់មីស៊ីលនាំផ្លូវ USS Gonzalez (DDG-66) និងនាវា USS McFaul (DDG-74)បានឆ្លងកាត់តំបន់សមុទ្រ Hormuz កាលពីរសៀលថ្ងៃទី ១៦ ខែឧសភា ។
រដ្ឋាភិបាលអ៊ីរ៉ង់ បានចាត់ទុកសកម្មភាពរបស់អាមេរិក ថា ជាសង្គ្រាមចិត្តសាស្ត្រ ហើយអ៊ីរ៉ង់់នឹងប្តេជ្ញាការពារ ទប់ស្កាត់រាល់សកម្មភាពឈ្លានពានរបស់សត្រូវ ។
ក្រោយរយៈពេល១០ថ្ងៃ នៃការគំរាមគ្នាទៅវិញទៅមក អាមេរិកបានបង្កើនសកម្មភាពខាងការទូត ហើយដាក់ពង្រាយកងកម្លាំងយោធាក្នុងតំបន់ឈូងសមុទ្រ ពែរ្ស៍ ដែលនោះជាការសម្រេចជាក់ស្ដែងដំបូង ឆ្លើយតបចំពោះសភាពការណ៍ ដែលមានគ្រោះថ្នាក់ខ្ពស់ ។ សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៦ ខែឧសភា បានហៅបុគ្គលិកមិនសំខាន់ទាំងអស់របស់ខ្លួននៅអ៊ីរ៉ាក់ ឲ្យត្រឡប់ទៅស្រុកវិញ ចំណែកកងទ័ពអាល្លឺម៉ង់ និងហូឡង់ បានផ្អាកប្រតិបត្តិការជួយបណ្ដុះបណ្ដាលខាងយោធាក្នុងប្រទេសនេះ ។
ទទួលការចោទប្រកាន់ថា បង្កើតដោយខ្លួនឯងនូវភាពតានតឹង តាមរយៈការប្រកាសក្ដុងក្ឌាំងទាំងនោះ រដ្ឋការលោក ដូណាល់ ត្រាំ បានលើកហេតុផលពីការគំរាមកំហែងបន្ទាន់ភ្លាមៗ និងពិតប្រាកដ ដែលទាក់ទិនដោយផ្ទាល់ជាមួយអ៊ីរ៉ង់ ។
អាមេរិកចាប់តាំងពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩មក បានបង្កើនការចោទប្រកាន់ធ្ងន់ធ្ងរ តែមិនច្បាស់លាស់ចំពោះអាជ្ញាធរក្រុងតេហេរ៉ង់ តែមិនបញ្ជាក់ច្បាស់ ពីប្រភេទនៃការគំរាមកំហែងទាំងនេះឡើយ ។ ព្រឹទ្ធសមាជិកគណបក្សប្រជាធិបតេយ្យ លោក BOB MENENDEZ បរិហារនាថ្ងៃទី១៥ ខែឧសភាថា រដ្ឋការលោកត្រាំ ពុំបានផ្ដល់ព័ត៌មានណាមួយដល់សភាឡើយ ពីបណ្ដាព័ត៌មានដែលយកធ្វើជាលេសសម្រាប់ សេចក្ដីសម្រេចរបស់ខ្លួន ក៏ដូចជាពីអ្វីដែលខ្លួនប្រុងធ្វើដែរ ។
ចំពោះពាក្យពេចន៍របស់ឧត្ដមសេនីយអង់គ្លេសម្នាក់ នៃក្រុមចម្រុះអន្តរជាតិប្រឆាំងជីហាដនៅអ៊ីរ៉ាក់ និងនៅស៊ីរី ដែលបដិសេធរាល់ការកើនឡើងនៃការគំរាមកំហែងចេញមកពីបណ្ដាកងកម្លាំងស្និទ្ធអ៊ីរ៉ង់ បាននាំឲ្យគេមានការសង្ស័យលើការសម្រេចទាំងឡាយរបស់អាមេរិក ។ មនុស្សទាំងឡាយបានប្រៀបធៀបសភាពការណ៍ពេលនេះជាមួយអ៊ីរ៉ង់ ទៅនឹងសភាពការណ៍ឆ្នាំ២០០៣ ពេលរដ្ឋការលោកចចដាប់ប៊លយូប៊ូស លើកទាំងបោកប្រាស់ពីវត្តមានអាវុធសម្លាប់រង្គាល យកធ្វើជាហេតុផលសម្រាប់ធ្វើអន្តរាគមន៍លុកលុយចូលអ៊ីរ៉ាក់ ។
យោងតាមអ្នកទទួលខុសត្រូវខាងយោធាអាមេរិកជាច្រើនថា ព័ត៌មានស៊ើបការណ៍កត់សំគាល់ឃើញចលនាអាវុធ និងក្រុមស្និទ្ធអ៊ីរ៉ង់នៅលើគោក និងក្នុងសមុទ្រ ដើម្បីវាយប្រហារបណ្ដាផលប្រយោជន៍អាមេរិក ដូចជាបណ្ដាស្ថានទូត ស្ថានកុងស៊ុលឬកងទាហាន ។ ទោះបីយ៉ាងណាតាមTWITTERលោកត្រាំរំលឹកពីការអំពាវនាវ ឲ្យមានការចរចាជាមួយអ៊ីរ៉ង់ ។ លោកថាខ្ញុំប្រាកដក្នុងចិត្តដែលអ៊ីរ៉ង់ចង់ចរចាឆាប់ៗ ។
បណ្ដាអ្នកទទួលខុសត្រូវយោធាអ៊ីរ៉ង់ថ្លែងកាលពីថ្ងៃទី១៥ឧសភាថា អ៊ីរ៉ង់កំពុងតែស្ថិតនៅមាត់ជ្រោះនៃការប៉ះទង្គិចគ្នាទាំងស្រុង ជាមួយពួកសត្រូវហើយត្រៀមខ្លួនប្រឆាំងរាល់ការគំរាមកំហែង ។ រដ្ឋមន្ត្រីការពារប្រទេសអ៊ីរ៉ង់ លោកAMIR HATAMIបានសន្យាថា យើងនឹងយកឈ្នះលើពួកសត្រូវអាមេរិក និងអុីស្រាអែល ហើយត្រៀមផែនការយោធា ក្នុងការប្រឈមមុខនឹងរាល់ការគំរាមកំហែងគ្រប់ប្រភេទ ព្រមទាំងការទាមទារជ្រុលហួសហេតុនានា ។
ដោយចោទប្រកាន់អ៊ីរ៉ង់ថារៀបចំការវាយប្រហារ ប្រឆាំងបណ្ដាផលប្រយោជន៍អាមេរិកនៅមជ្ឈឹមបូព៌ាមន្ទីរប៉ង់តាហ្គោនបានបញ្ជូនទៅកាន់តំបន់នោះ នូវនាវាផ្ទុកយន្តហោះ១គ្រឿង និងបណ្ដានាវាចម្បាំងអម ព្រមទាំងបណ្ដាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រB-52 និងប្រព័ន្ធមីស៊ីលការពារអាកាសPATRIOT ។
ចំណែកអ៊ីរ៉ង់់វិញ បានលើកឡើងថា នឹងមិនធ្វើឲ្យអ្វីឆេវឆាវនោះឡើយ អាចធ្លាក់ចូលក្នុងអន្ទាក់របស់អាមេរិក ។ អ៊ីរ៉ង់់បានរក្សាការអត់ធ្មត់បានយ៉ាងល្អ ទោះបីអាមេរិកបង្កើនទណ្ឌកម្ម ដែលអ៊ីរ៉ង់់មិនអាចទទួលយកបានក្តី ។
ដោយហៅការដាក់ ទណ្ឌកម្មអាមេរិកជាថ្មី ថាជារឿងដែលមិនអាចទទួលយកបាន រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសអ៊ីរ៉ង់់ប្តេជ្ញាប្រកាន់ខ្ជាប់ នូវកាតព្វកិច្ចរបស់ខ្លួនក្រោម កិច្ចព្រមព្រៀងនុយក្លេអ៊ែអន្តរជាតិ បើទោះជាសហរដ្ឋអាមេរិក បានដកខ្លួនចេញពី កិច្ចព្រមព្រៀងនោះហើយក៏ដោយ ។
លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់់ Mohammad Javad Zarif តាមសេចក្តីរាយការណ៍ បានថ្លែងយ៉ាងដូច្នេះ នៅក្នុងជំនួបមួយ ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ក្នុងទីក្រុងតូក្យូ ស្របពេលដែលភាពតានតឹង កំពុងតែកើនខ្លាំងឡើង នៅក្នុងតំបន់មជ្ឈិមបូព៌ា បង្កឲ្យមានក្តីព្រួយបារម្ភកាន់តែខ្លាំងថា សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់់ កំពុងតែធ្វើឲ្យមានជម្លោះ ។
នៅពេលចាប់ផ្តើមនៃ ការជួបជាមួយលោក តារ៉ូ កូណូ ជារដ្ឋមន្ត្រីការបរទេសជប៉ុន លោក Zarif បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រទេសអ៊ីរ៉ង់់កំពុងតែអនុវត្ត ការអត់ធ្មត់ជាអតិបរិមា បើទោះបីសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀង JCPOA កាលពីខែឧសភាឆ្នាំមិញក៏ដោយ” ៕