ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ឆក់កាបូបលុយ ពីស្ត្រីម្នាក់បានសម្រេច សមត្ថកិច្ចដេញចាប់ រត់ចែកជើងគ្នាបាតជើងសព្រាត

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់កាបូបលុយ ពីស្ត្រីម្នាក់បានសម្រេចព្យាយាមជិះគេចខ្លួន ត្រូវសមត្ថកិច្ចដេញចាប់ភ័យស្លន់ស្លោ ផ្ដួលម៉ូតូ និងបោះកាបូបរត់ចែកជើងគ្នាបាតជើងសព្រាត ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត១២ យប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវR6 កែងនិងផ្លូវ៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានជិះម៉ូតូកង់ឥណ្ឌាតាមបណ្ដោយផ្លូវលេខ៧០ ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូឌ្រីមសង់០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HQ-2414 ជិះមកពីក្រោយធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេច ហើយគាត់ស្រែកចោរៗ ស្របពេលកម្លាំងនគរបាល កំពុងតែល្បាតផងនោះ ក៏ជិះដេញតាមពីក្រោយរហូតដល់ចំណុចផ្លូវរថភ្លើង ក្ដាន់ពីរ ធ្វើឲ្យជនសង្ស័យទាំងពីរនាក់ភ័យស្លន់ស្លោ ផ្ដួលម៉ូតូចោល និងបោះកាបូបលុយជនរងគ្រោះចោលរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង និងម៉ូតូជនសង្ស័យ ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍ស្រះចក ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញាចាប់ជនសង្ស័យទាំង២នាក់នោះ មកផ្ដន្ទាទោសតាមផ្លូវច្បាប់ចំណែកកាបូបជនរងគ្រោះ មិនមានបាត់អ្វីនោះទេ ត្រូវសមត្ថកិច្ចប្រគល់ជូនរងគ្រោះវិញ៕ ជ្រោយពេជ្រ


ចែករំលែក៖