ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ហូបស្រាស្រវឹង ចុះហែលទឹក ទៅរកម្ដាយមីង បែរជាលង់ទឹកស្លាប់

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់ហូបស្រា ស្រវឹងចុះហែលទឹកទៅរកម្ដាយមីង បែរជាលង់ទឹកស្លាប់ខ្លួនឯង បង្កភ្ញាក់ផ្អើលកាលពីម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភោជនីយដ្ឋានអាងអំរិទ្ធ អូរខាយដន ឋិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមនជ័យ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ ឈ្មោះ ហុង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ប្រភពបន្ថែមថា មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូរ៉ឺម៉កកង់បី មានគ្នា៤នាក់មកអង្គុយហូបស្រាបៀរ នៅតូបបណ្តែតទឹកជាមួយមិត្តភក្តិ ទិសខាងលិចចម្ងាយពីតូបម្ដាយមីង ប្រហែល១៥ម៉ែត្រ ។ ក្រោយពីហូបចុក គ្រានោះក្រុមសាច់ញាតិ ក៏បានហៅឲ្យមកហូបចុករួមគ្នា នៅតូបបណ្តែទឹកនៅទិសខាងកើត ស្រប់ពេលនោះជនរងគ្រោះបានលោតទឹកហែល មកហូបចុកជាមួយម្ដាយមីង តែអកុលសនៅក្នុងការហែលទឹកជិតដល់គោលដៅស្រាប់តែជនរងគ្រោះលិចបាត់ ។

សមត្ថកិច្ចដាក់ការសន្និដ្ឋានថា អាចបណ្ដាលមកពីរមួលក្រពើ ។ នៅក្នុងករណីនោះដែរ គេឃើញមានកម្លាំងសមត្ថកិច្ចពីស្ថាប័ន រួមជាមួយពលរដ្ឋ ចុះមុជទឹករាវរកអស់រយះពេលជិត៣ម៉ោង ទើបរកឃើញសពជនរងគ្រោះ ។

ប្រភពដាច់ដោយឡែកមួយទៀត បានបញ្ជាក់ករណីខាងលើនេះ ស្រដៀងទៅនឹង រយះពេលមួយឆ្នាំកន្លងទៅ មានជាងដែកមួយក្រុមមានគ្នា៤នាក់ បានមកហូបចុកនៅចំណុចអាងខាងលើនោះ ក៏បានចុះហែលទឹកលេង ក៏លង់ទឹកស្លាប់ម្នាក់ផងដែរ ។

ប្រភពបន្ថែមថា នៅចំណុចខាងលើអាចនឹងមានជើងកប ហើយអ្នកដែលហូបសា្របៀរ ស្រវឹងគួរតែរមានការប្រុងប្រយ័ត្ន ព្រោះមុនចុះលេងទឹក ត្រូវពាក់អាវពោងការពារដើម្បីបញ្ចៀសគ្រោះថ្នាក់ដោយចៃដន្យ ។

សពជនរងគ្រោះក្រោយពីរកឃើញសមត្ថកិច្ចបានប្រគល់ ជូនម្ដាយសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា


ចែករំលែក៖