ភ្នំពេញ៖ បុរសជនជាតិស្បែកខ្មៅម្នាក់ ជិះម៉ូតូមិនគោរពភ្លើងស្តុប ជ្រុលបុកកង់បីឥណ្ឌា PassApp ក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវព្រះសីហនុ កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹកកេងកងទី២ ខណ្ឌចំការមន ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញកង់បីឥណ្ឌ PassApp ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2HM 5694 ដឹកភ្ញៀវម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៤៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ជាចំណុចស្តុបបំបែកជាបួន ដោយសារតែភ្លើងខៀវទើបបន្តទៅមុខ ស្រាប់តែមានបុរសជនជាតិស្បែកខ្មៅម្នាក់ជិះម៉ូតូម៉ាកTTX ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1DB 3254 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដោយមិនគោរពភ្លើងស្តុប ក៏ជ្រុលបុកកង់បីពីចំហៀងពេញទំហឹងក្រឡាប់ផ្ងារជើង តែមិនមានអ្នករបួស ។
ក្រោយកើតហេតុ ជនជាតិស្បែកខ្មៅគេចខ្លួនបាត់បន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ