ខេត្តមណ្ឌលគិរី ៖ កម្លាំងជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សុខដុម កាលពីថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បានចាប់ឃាត់គ្រឿងចក្រអេស្កាវ៉ាទ័រចំនួន០១គ្រឿង ដែលកំពុងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ នៅត្រង់ចំណុចភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្នុងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។
ក្រោយពិនិត្យឃើញថា ការឈូសឆាយទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិក្នុងរបៀងអភិរក្សជីវៈចម្រុះ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បាននាំយកគ្រឿងចក្រអេស្កាវ៉ាទ័រចំនួន០១គ្រឿងខាងលើទៅរក្សាទុកបណ្ដោះអាសន្ននៅបរិវេណមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រង់ចាំកោះហៅអញ្ជើញភាគីម្ចាស់គ្រឿងចក្រ និងអ្នកពាក់ព័ន្ធដើម្បីចូលខ្លួនមកឆ្លើយបំភ្លឺអំពីករណីឈូសឆាយ និងទន្រ្ទានដីព្រៃដោយខុសច្បាប់នេះតាមនីតិវិធី៕ ហេង សូរិយា