ប្រភពពីមន្ត្រីតាមមន្ទីរ មួយចំនួននៅខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅពេលដែលពួកគេរត់ការឯកសារដកប្រាក់ឬទូទាត់សាច់ប្រាក់ឆ្លងកាត់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ គឺត្រូវតែផ្ដល់លុយទឹកតែមួយផ្នែកឲ្យលោក បឹង គឹមសឹង គឺមិនតិចជាង៥ភាគរយ នៃប្រាក់ដែលស្នើសុំដក ឬត្រូវទូទាត់នោះឡើយ។
ប្រភពបានឲ្យដឹងទៀតថា មុនពេលឯកសារត្រូវបានបញ្ជូនទៅដល់ដៃលោក បឹង គឹមសឹង គឺអ្នកកាន់ឯកសារត្រូវចេះចែកលុយ ឲ្យមន្ត្រីក្រោមឱវាទលោក បឹង គឹមសឹង តាមលំដាប់លំដោយពីតូចទៅធំអស់ទឹក ប្រាក់មួយចំនួន ហើយចុងក្រោយត្រូវកាត់ភាគរយឲ្យលោក បឹង គឹមសឹង តាមការកំណត់។ ការដែលលោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារគាត់បានអាងខ្នង់បង្អែក ដ៏មានអំណាចម្នាក់នៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកចាំជួយការពារ។
ប្រភពពីមន្ត្រីគណនេយ្យ តាមបណ្ដាមន្ទីរនានាក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ពួកគេប្រឈមនឹងការលំបាកយ៉ាងខ្លាំងនៅពេលត្រូវបើកលុយគម្រោងផ្សេងៗ ហើយត្រូវស៊ីញ៉េឆ្លងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ព្រោះលោក បឹង គឹមសឹង មានអំណាចធំធេងក្នុងការទាមទាភាគរយ យកធ្វើមានធ្វើបានផ្ទាល់ខ្លួន។
ប្រភពបានឲ្យដឹងទៀតថា មួយរយៈកន្លងទៅនេះលោក បឹង គឹមសឹង ដែលអាងមានខ្នងបង្អែករឹងមាំ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រព្រឹត្តអំពើពុករលួយទាប្រាក់ទឹកតែថ្លៃស៊ីញ៉េដោយគិតជាភាគរយពីការ បើកប្រាក់ឬការទូទាត់ប្រាក់សម្រាប់មន្ទីរនានា យ៉ាងងងើលដោយសារអាងខ្លួនគាត់ មិនមែនជាអ្នករស់នៅក្នុងខេត្តបន្ទាយមានជ័យ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរចាត់វិធានការទៅលើលោក បឹង គឹមសឹង ជាបន្ទាន់ដើម្បីកុំឲ្យមន្ត្រីរូបនេះ ប្រើអំណាចប្រព្រឹត្តអំពើពុករលួយ យ៉ាងកំរោលបន្តទៀតព្រោះធ្វើឲ្យប៉ះពាល់ដល់ការងារមន្ទីរផ្សេងៗក្នុងខេត្តបន្ទាយមានជ័យ កាន់តែខ្លាំងឡើងៗ៕