ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនជាង៧០នាក់ បើកល្បែងអនឡាញខុសច្បាប់ នៅផ្ទះសំណាក់៤កន្លែង ត្រូវអាវុធហត្ថបង្ក្រាប

ចែករំលែក៖

ប៉ោយបែត៖ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត ព្រមទាំងមានការសម្របសម្រួល ដោយលោកព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យមាស ចន្ច័ពិសិដ្ឋ ចុះប្រតិបត្តិការឆែកឆេរ ផ្ទះសំណាក់ចំនួន៤កន្លែង ចាប់ជនជាតិចិន បានជាង៧០នាក់ បើកល្បែងអនឡាញ ខុសច្បាប់កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ។

ប្រតិបត្តិការរបស់អាវុធហត្ថដើម្បីឃាត់ខ្លួនជនជាតិចិននោះ មាននៅចំណុចផ្ទះសំណាក់ គងតុង គឹងលីន នៅចំណុចបុរី សានស៊ានហូ ចំណុចដែលឋិតក្នុងភូមិគីឡូត៏ម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល និងនៅចំណុច ផ្ទះសំណាក់ វិជ័យសុវណ្ណរតនៈ ឋិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពពីសមត្ថកិច្ចប្រាប់ថា នៅក្នុងប្រតិបត្តិការចុះចាប់ឃាត់ខ្លួនជនជាតិចិនខាងលើនោះ បានចំនួនជាង៧០នាក់ ប៉ុន្តែមិនទាន់ដឹងពីមូលហេតុ នៃការឃាត់ខ្លួនជនជាតិចិននៅឡើយ។ ករណីនេះ លោកមេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក បោន ប៊ិន មិនអាចបកស្រាយបានឡើយ ដោយទូរស័ព្ទចូល ចុចជាប់រវល់ ។

ជុំវិញករណីខាងលើនេះដែរ លោកព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យមាស ច័ន្ច ពិសិដ្ឋ មានប្រសាសន៍តាមទូរស័ព្ទថា ករណីខាងលើនេះ លោកមិនទាន់ទទួលបានចំនួនពិតប្រាកដនោះទេ ចាំលោកឆែកទៅអាវុធហត្ថក្រុងប៉ោយប៉ែតសិន ហើយករណី ដែលឃាត់ជនជាតិចិននោះ ពាក់ពន្ធករណីបើក អនឡាញខុសច្បាប់ ។

មជ្ឈដ្ឋានលើកឡើងថា ករណីអនឡាញក្រុងនៅប៉ោយប៉ែត រួមទាំងល្បែងស៊ីសងគ្រប់ប្រភេទ កំពុងតែ កើនឡើងទាំងជនជាតិចិន ទាំងជនជាតិខ្មែរ ហើយល្បែងស៊ីសងនេះ ដែរបង្កឲ្យមានអសន្តិសុខ ប៉ះពាល់ភូមិ ឃុំ មានសុវត្តិភាពទាំង៩ចំណុច ប៉ុន្តែការបង្រ្កាបរបស់សមត្ថកិច្ចនៅមានកម្រិត ៕ នីមវណ្ណា


ចែករំលែក៖