ភ្នំពេញ៖ ជីវិតជានារីអ្នកចម្រៀងអាជីពពិតជាត្រូវឆ្លងកាត់ឆាកជីវិតជូរចត់ពោរពេញដោយ ការប្រមាថ និងជះនូវរឿងអាស្រូវ ការឈ្នានីសពីបុរសស្រេកឃ្លានតណ្ហាមួយចំនួន ដែលគ្មានឧត្តមគតិ អសីលធម៍ គ្មានគិតពីបុណ្យបាបនរក ។
និយាយរួមការបណ្តែតខ្លួនលើក្បូនសិល្បៈតាមរយៈទឹកដមសំឡេងនិងរូបសម្ផស្សផងនោះធ្វើឲ្យបុរសខ្លះនាំគ្នាលេងសើចតាមលែបខាយប្រលោមស្នេហាពីតារាចម្រៀងរូបស្រស់មិនសូវដាច់ និងខ្លះទៀតសុំស្នេហ៍មិនបានបែរជា តាមយាយីមិនឲ្យនាងប្រកបអាជីពជាអ្នកចម្រៀងបានសុខស្រួលឡើយ ដោយយកឥទ្ធិលខ្លួនជាអ្នកគ្រប់គ្រង មេកើយ ព្យាយាមចេតនាទុច្ចរិតរុកគួនខាងផ្លូវភេទ បំពេញតណ្ហារបស់ខ្លួន។
ជាក់ស្ដែងដូចជារឿងពិតមួយនេះ នារីម្នាក់ព្រោះតែស្ថានភាពក្រីក្រនាងបានបង្ខំចិត្តចាប់យកអាជីពជាអ្នកចម្រៀងសម្តែងក្នុងកម្មវិធីប្រគំតន្រ្តី(ខនសឺត)តាមខេត្តក្រុងនានាគ្រាន់បានទទួលប្រាក់ឈ្នួលបន្តិចបន្តួចយកមកចិញ្ចឹមឪពុកម្ដាយចាស់ជរានិងចិញ្ចឹមប្អូនបង្កើត២នាក់រស់នៅក្នុងបន្ទុក កំពុងរៀនសូត្រអោយបានខ្ពង់ខ្ពស់នឹងគេ។ ប៉ុន្តែមិននឹកស្មានថាការលះបង់កម្លាំងកាយចិត្តតស៊ូដើម្បីគ្រួសារនេះត្រូវបានថៅកែដំឡើងឆាកតន្ត្រីខនសឺតម្នាក់មកតាមយាយីជីវិតរបស់នាងគ្មានទីបញ្ចប់ឡើយ។ ការយាយីជីវិតនាងនេះគឺលោកថៅកែរូបនេះបានតាមលួងលោមប្រលោមសុំស្នេហ៍ពីនាងជាង១ឆ្នាំមកហើយ តែនាងមិនព្រមដាច់ខាតព្រោះដឹងថា គាត់មានប្រពន្ធនិងកូន២នាក់រួចទៅហើយមិនបង្កើតឲ្យមានស្នេហាត្រីកោណស្អីនោះទេ។ អ្វីដែលគួរឲ្យហួសចិត្តទៀតនោះការបដិសេធស្នេហ៍របស់នាងបានធ្វើឲ្យលោកថៅកែចិត្តឃោឃៅម្នាក់នេះស្តាប់មិនចូលត្រចៀករួចថែមទាំងមានគំនិតតាមឈ្នានីសយាយីមិនឲ្យនាងបានសុខស្រួលឡើយ ។ ផ្ទុយទៅវិញថែមទាំងបានប្រើអំពើហិង្សាដាក់នាង ពេលនាងចេញទៅប្រគំតន្រ្តីតាមបណ្តាខេត្ត ក្រុងរហូតមានរបួសស្នាមចំនួន៤លើកមកហើយនិងដោយចុងក្រោយនេះនាងទ្រាំលែងបានក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញឲ្យជួយរកយុត្តិធម៌។ ថ្លែងដោយទឹកមុខក្រៀមក្រំលាយជាមួយការបង្ហូរទឹកភ្នែកជោកថ្ពាល់ផងនោះ កញ្ញា ប្រាក់ផាន់នី ហៅ(អមរា)អាយុ១៩ឆ្នាំ ជាអ្នកចម្រៀងក្នុងកម្មវិធីខនសឺតនានានិង ជាអ្នកច្រៀងក្នុងកម្មវិធីកីឡារបស់ស្ថានីយទូរស្សន៍CNC បានរៀបរាប់ថា នាងពិតទទួលយកមិនបានឡើយចំពោះអំពើហិង្សា និងគំនិតចេតនាទុច្ចរិតរុកគួនខាងផ្លូវភេទ ពីលោក ហុង ហ្សែន អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងបុរីឡាយគង់ ស្ថិតក្នុង ភូមិមរ័ សង្កាត់-ខណ្ឌដង្កោ ជាថៅកែដំឡើងឆាកតន្ត្រីខនសឺត ដែលតាមយាយីជីវិតនាងមិនឲ្យរស់សុខស្រួល និងមិនឲ្យនាងប្រកបរបរជាអ្នកចម្រៀងគ្រាន់បានប្រាក់យកមកចិញ្ចឹមជីវិតនិង គ្រួសារនោះ។ នាងថា រយៈពេលជាង១ឆ្នាំមកនេះ ដោយសារសុំស្នេហ៍ពីនាងមិនបានលោក ហុង ហ្សែន តែងតាមព្យាបាទនិងប្រើអំពើហិង្សាដាក់នាងចំនួន៤លើកមកហើយ ។
កញ្ញា ប្រាក់ ផាន់នី បានរៀបរាប់ទាំងទឹកភ្នែកទៀតថាកន្លងមកនាងបានចាប់យកអាជីពជាអ្នកចម្រៀងច្រៀងនៅក្នុងកម្មវិធីខនសឺត ធ្វើឲ្យនាងបានស្គាល់លោកហុង ហ្សែន ដែលជាថៅកែដំឡើងឆាកខនសឺតមានភាពស្និទ្ធស្នាលក្នុងនាមជាអ្នករាប់អានគ្នាក្នុងរបរជាអ្នកសិល្បៈដូចគ្នាប៉ុណ្ណោះ ។ ប៉ុន្តែនាងស្មានមិនដល់ថា ការរាប់អានគ្នាជាធម្មតាបែរជាថៅកែម្នាក់នេះ មានតណ្ហាក្រាស់តាមលួងលោមសុំស្នេហ៍ពីនាង ម្ដងហើយម្ដងទៀតគ្មានពេលស្រាកស្រាន្ត ទោះបី នាងបដិសេធមិនទទួលយកព្រោះតែមិនលេងល្បែងស្នេហាត្រីកោណយ៉ាងណាក៏ដោយ ។ព្រោះតែការបដិសេធរបស់នាងជាបន្តបន្ទាប់យ៉ាងនេះ បានធ្វើឲ្យលោក ហុង ហ្សែន គំរាមនាងថា “បើអញយកនាងឯងមិនបានទេ អ្នកណាក៏មិនអាចយកនាងឯងបានដែរ អញនឹងតាមព្យាបាទនាងឯងរកទីបញ្ចប់គ្មានឡើយ”។ ទីបំផុតការគំរាមនេះ លោកថៅកែរូបនេះធ្វើបានមែន ដោយតាមឈ្នានីស ព្យាបាទ និងប្រើអំពើហិង្សាដាក់នាងចំនួន៤លើកមកហើយ ។
កញ្ញា ប្រាក់ ផាន់នី បានបន្តថា ការប្រើអំពើហិង្សាដាក់នាងចំនួន៤លើកនោះគឺលើកទី១ នៅខេត្តក្រចេះ , លើកទី២នៅខេត្តស្វាយរៀង និងលើកទី៣ នៅក្រុងប៉ោយប៉ែត ដែលពេលនោះនាងត្រូវលោក ហុង ហ្សែន វាយបែកក្បាលដេរអស់៥ថ្នេរទៀតផង ។ ក្រោយពីមានអំពើ ហិង្សានេះកើតឡើង នាងបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមូលដ្ឋានឲ្យជួយដោះស្រាយ តែពេលនោះប្រពន្ធរបស់លោកហុង ហ្សែន បានមកលើកដៃសំពះអង្វរនាង សូមឱ្យនាងដកពាក្យបណ្ដឹងវិញ ព្រោះបើប្ដីជាប់គុកគ្មានអ្នកណាជួយចិញ្ចឹមកូនទេ ហើយដោយនាងទន់ចិត្ត និងមានមនោសញ្ចេតនាចំពោះប្រពន្ធនាងក៏សុខចិត្តដកពាក្យបណ្ដឹងវិញ ដោយគ្មានទទួលសំណងមួយសេនណាឡើយ។ លុះរហូតមកដល់យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ថ្មីៗនេះ ថៅកែស្រេកឃ្លានតណ្ហារូបនេះនៅតែមិនអស់ចិត្ត បានតាមយាយីនាងម្តងទៀត ខណៈនាងចូលរួមសម្តែងក្នុងកម្មវិធីសិល្បៈ នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយពេលនោះនាងច្រៀងចប់កំពុងដើរចុះមកក្រោយឆាក ស្រាប់តែថៅកែបានដេញវាយនាងផ្អើលគេផ្អើលឯងធ្វើឲ្យនាងមានកាអាម៉ាស់ចំពោះមុខមហាជនឈរមើលយ៉ាងត្រៀបត្រា។ ពេលនោះបើកុំតែមានគេជួយធ្វើអន្តរាគមន៍ទាន់ច្បាស់ជានាងរងរបួសធ្ងន់ ឬអាចបាត់បង់ជីវិតផងដែរក៏មិនដឹង។ នេះជាលើកទី៤ ហើយដែលឈ្មោះហុង ហ្សែន បានប្រើអំពើហិង្សាដាក់នាង ហើយម្ដងនេះនាងលែងមានការអនុគ្រោះទៀតហើយ ទើបសម្រេចដាក់ពាក្យបណ្ដឹង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោជួយរកយុត្តិធម៌ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩កន្លងមកនេះដោយទាមទារសំណងជំងឺចិត្តចំនួន៣ ម៉ឺនដុល្លារ ទើបនាងសុខចិត្ត។
កញ្ញាបន្តថា ស្ថិតក្នុងភាពក្រីក្រគ្មានទីពឹងនិងគ្មានលុយជួលមេធាវីការពារក្តីនោះ នាងក៏សូមពឹងខាងមេធាវីដែលសម្តេចតេជោ ហ៊ុន សែន បានបង្កើតដើម្បីជួយជនក្រីក្រ នឹងជួយរកយុត្តិធម៍អោយនាងតាមផ្លូវច្បាប់ ក៏ដូចការជនស្លូតត្រង់ នារីមានភាពទន់ខ្សោយដូចជារូបនាងមិនខាន។
ទាក់ទិនចំពោះការលើកឡើងរបស់កញ្ញា ប្រាក់ ផាន់នី ខាងលើនេះ ភ្នាក់ងារអង្គភាពកាសែតនគរវត្តមិនអាចសុំការបកស្រាយពីលោក ហុង ហ្សែន បានទេដោយគ្មានលេខទូរស័ព្ទ ។ ដោយឡែក លោក ស សោភ័ណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោបានប្រាប់អ្នកយកព័ត៌មានកាសែតនគរវត្តកាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះថា លោកពិតជាបានទទួលពាក្យបណ្ដឹងពីកញ្ញា ប្រាក់ ផាន់នី ប្រាកដមែន តែដោយរកដំណោះស្រាយរវាងភាគីទាំងពីរមិនបាន លោកបានបញ្ជូនសំណុំរឿងនេះទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីដោះស្រាយបន្តរួចហើយដែរ ៕ ប្រាថ្នា