ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាពលរដ្ឋ និងម្ចាស់ម៉ូតូនាំគ្នាចាប់ក្របួចជាប់ រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពកាច់សោ.កម៉ូតូបានសម្រេចហើយ តែដេរមិនឆេះ ក៏បណ្តើរបានប្រហែល១០ម៉ែត្រ ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរសំរឹទ្ធិស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចអាគារខេមបូឌាអ៊ែវេ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទី១ឈ្មោះ ឆេន រតនា ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានសារធាតុញៀន (ឃាត់ខ្លួន) ។ ចំណែកទី២ឈ្មោះ ភ័ក្រ្ត ភេទប្រុស អាយុប្រហែល៣១ ឆ្នាំមុខរបរបើកឡានក្រុង ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (គេចខ្លួនបាត់) ។ ចំណែកជនរងគ្រោះឈ្មោះ ឡៅ ឌី ភេទប្រុសអាយុ ៣៤ ឆ្នាំមុខរបរសន្តិសុខក្រុមហ៊ុន ខេមបូឌា អ៊ែវេ មានទីលំនៅភូមិកន្ទោកជើង សង្កាត់ កន្ទោកខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យ បានជិះម៉ូតូឌុបគ្នាពីទួលសង្កែ មកកន្លែងទុករថយន្តក្រុង ម្តុំមុខព្រលានយន្តហោះពោធិ៍ចិនតុង លុះមកដល់ជិតចំណុច ខេមបូឌា អែរវេ ស្ថិតក្នុងភូមិក្បាលដំរី ក៏បានឃើញម៉ូតូខាងលើ ចតទុកដោយមើលឃើញមានឱកាស ក៏ធ្វើសកម្មភាពកាច់សោ.ក រួចដេរតែមិនឆេះ ក៏បណ្តើរបានប្រហែល១០ម៉ែត្រ ត្រូវម្ចាស់ឃើញទាន់ ក៏ស្រែកឆោឡោផ្អើលអស់ប្រជាពលរដ្ឋ ចាប់ឃាត់បានម្នាក់ និងម្នាក់ទៀតរត់រួចហើយបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ។
ក្រោយកើតហេតុ សម្ភារៈដកហូតបាន៖ –ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ មានលេខតួនិងលេខម៉ាស៊ីន ៩៣៥០៨៥១ (ត្រូវជនរងគ្រោះ បានស្នើសុំទៅវិញ) –ផ្លែទួឡឺវីស កែឆ្នៃ សម្រាប់កាច់ សោ.កម៉ូតូចំនួន១ជារបស់ជនសង្ស័យ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ឲ្យផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីធ្វើកាសាកសួរបន្តតាមជំនាញ និង ឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនីតិវិធី ៕ សុខា សែនជ័យ