ភ្នំពេញ ៖ ជនសង្ស័យម្នាក់បន្លំខ្លួនចូលលួចទូរស័ព្ទដៃបាន៤គ្រឿង តែម្ចាស់មកទាន់ ចាប់ឃាត់ខ្លួនប្រគល់ឲ្យប៉ូលិស កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ជួល ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យឈ្មោះ កុល បូរី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិត្រពាំងទ្រព្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើត ភូមិក្រែក ឃុំជីមាន់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ចំណែកជនរងគ្រោះឈ្មោះ ទូ ស្រស់ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ ។ ដោយឡែកទូរស័ព្ទចំនួន៤គ្រឿង ត្រូវបានប្រគល់ជូនម្ចាស់វិញ ។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលគក់ខោអាវហើយ បានយកទៅហាល នៅដីវាល ក្បែរនោះ ទូរស័ព្ទចំនួន៤គ្រឿង រួមទាំងរបស់មិត្តភ័ក្រផង ទាញទ្វារបន្ទប់បិទ ហើយចេញទៅហាលខោអាវ លុះពេលមកវិញ ឃើញទ្វារចំហរ ជនសង្ស័យ ឈរខាងមុខ ដើរចូលក្នុហបន្ទប់ ស្រាប់តែបាត់ទូរស័ព្ទអស់ ពីលើកុងម៉ា មកសាកសួរ ជនសង្ស័យវិញ ឆ្លើយមិនប្រក្រតី អ្នកក្បែរខាង ឆែកមើល ពុទ្ធោ ទូរស័ព្ទលួចយកទាំង៤គ្រឿង សំណាងហើយ មកទាន់ ពលរដ្ឋជួយចាប់ឃាត់ប្រគល់ឲ្យប៉ូលិស ។
ជនសង្ស័យសារភាពថា មកពីម៉ូតូអស់សាំង អត់លុយចាក់ ហើយអត់លុយចូលក្លឹប បានឱកាស រុញទ្វារបន្ទប់ អត់ឃើញម្ចាស់ ចូលលួចតែម្តង គេចខ្លួនអត់ទាន់ ម្ចាស់មកទាន់ចាប់ខ្លួន ។
ជនសង្ស័យសមត្ថកិច្ចនាំខ្លួនមកសាកសួរ និងកសាងសំណុំរឿងនៅប៉ុស្តិ៍ចោមចៅ៣ និងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ បន្តតាមនីតិវិធី ៕ សុខាសែនជ័យ