ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូតាមដងផ្លូវ ត្រូវជនសង្ស័យឆក់ទូរស័ព្ទបានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរបួសបាក់ជើង

ចែករំលែក៖

ភ្នំពេញ​៖ បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវដោយទុកទូរស័ព្ទនៅឃ្លប់មុខ ហើយត្រូវជនសង្ស័យជិះម៉ូតូមកឆក់យកបានសម្រេចហើយគេចខ្លួនបាត់ និងធ្វើឲ្យជនរងគ្រោះដួលម៉ូតូរងរបួសបាក់ជើងម្ខាង ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២២ ខែឧសភា​ ឆ្នាំ២០១៩​ នៅចំណុចមុខឃ្លាំងលក់រថយន្ត 6688​ តាមបណ្តោយផ្លូវ២០០៤​ ស្ថិតក្នុង ភូមិត្រពាំងល្វា​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។

តាមជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុរួបគាត់បានជិះម៉ូតូ ម៉ាកស្កូបពីពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ1FW 0341 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២០០៤​ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូស្កូបពីមិនចាំស្លាកលេខ ធ្វើដំណើរមកពីក្រោយហើយសកម្មភាពឆក់ទូរស័ព្ទ ម៉ាកiPhone 7plus ដែលគាត់ទុកឃ្លប់ខាងមុខបានសម្រេច និងធ្វើឲ្យម៉ូតូគាត់ដួលរងរបួសបាក់ជើងខាងឆ្វេង ចំណែកជនសង្ស័យបានគេចខ្លួនបាត់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ រង់ចាំដាក់ពាក្យបណ្តឹងពេលក្រោយ ៕ សុខាសែនជ័យ​


ចែករំលែក៖