ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទ​ពីជនបរទេសបានសម្រេច តែត្រូវម្ចាស់ដេញតាមចាប់បានទាំង២នាក់ ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យ​២នាក់​​ ត្រូវបានម្ចាស់ទូរស័ព្ឌ និងប្រជាពលរដ្ឋចាប់ប្រគល់ឲ្យ​សមត្ថកិច្ច​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនជាតិបរទេស២នាក់ ដែល​កំពុង​ឈរនិយាយទូរស័ព្ឌ បានសម្រេចហើយបើក​ម៉ូតូរត់​ បង្កឲ្យមាន​ការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង​២ និង១០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃ​ទី​២៣ ខែ​ឧសភា​ ឆ្នាំ​២០១៩ ​ត្រង់​ចំណុច​មុខហាងលឺប តាមបណ្ដោយ​ផ្លូវ​៥១ វិថី (ប៉ាស្ទ័រ) កែង និងផ្លូវ២៧៨ ស្ថិត​ក្នុង​ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យ​ទាំង២នាក់ខាងលើ ​រួមមាន ៖ ទី១ឈ្មោះ​ ជី ម៉ាប់ ភេទប្រុស​ អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ ​មុខរបរមិនពិតប្រាកដ និងកន្លែងស្នាក់នៅក្នុង ភូមិជើងឯក សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាអ្នកឆក់ជិៈពីក្រោយ ) ។ និងទី២ឈ្មោះ សម្បត្តិ ភេទប្រុស អាយុ៣០ ឆ្នាំជាង ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅក្នុង សង្កាត់ផ្សារដើមថ្កូវ ជាអ្នកបើកម៉ូតូ ម៉ាក ឃ្លីច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Z.0122 ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញជនរងគ្រោះជាជនជាតិស្វីស​ប្រុស២នាក់​កំពង់ឈរនិយាយទូរស័ព្ឌ ​នៅលើកំណាត់​ផ្លូវ៥១​លុះក្រោយមក ក៏ស្រាប់​តែ​លេចមុខ​ជនសង្ស័យ​២នាក់​ជិះម៉ូតូ​មួយ​គ្រឿង​ឌុបគ្នាមកពី​ក្រោយ​ រួច ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ពី​ដៃជនរងគ្រោះបានសម្រេចហើយបើករត់ទៅទិសខាងជើង ។ ភ្លាមៗ​នោះ​ ក៏មានប្រជាពលរដ្ឋល្អបានហៅជនរងគ្រោះឡើងលើរថយន្តដេញតាមរហូតដល់ផ្លូវ១០៩ ខាងក្រោយអូរតែល ញ៉ូយ៉ក ជាប់របងសាលារៀនវត្តកោះ ជនសង្ស័យភ័យស្លន់ស្លោរបើកម៉ូតូលឿនពេក ក៏ទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យដួល រងរបួសបែកមុខបែកមាត់ ព្រមទាំងជ្រុះប្រដាប់កាច់កម៉ូតូចំនួន២ផងដែរ ទើបចាប់បានប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានតែម្ដង ។ ​

ជនសង្ស័យខាងលើបានឆ្លើយសារភាពថារូបគេកន្លងមកធ្លាប់ធ្វើសកម្មភាពឆក់បានសម្រេចចំនួន២លើករួចមកហើយ​តែទើបលើកទីបីនេះត្រូវអស់លក្ខ័តែម្ដង ។

ក្រោយ​មក ជនសង្ស័យ​​ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​បឹងកេងកងទី១ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ ខណ្ឌ​ចំការមន រង់ចាំ​បញ្ជូនបន្តទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ​៕ ភារ៉ា ដង្កោ


ចែករំលែក៖