ព័ត៌មានទាន់ហេតុការណ៍៖

បាត់ប្ដីយូរពេក ពឹងឲ្យបងថ្លៃជួយដើររក ស្រាប់តែឃើញស្លាប់ក្បែរគល់ត្នោត យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ជាអ្នកឡើងត្នោត បានបាត់ពីផ្ទះយូរពេក ប្រពន្ធមានការងឿងឆ្ងល់ ក៏ពឹងបងថ្លៃឲ្យជួយដើររកមើល ស្រាប់តែឃើញស្លាប់ក្បែរគល់ត្នោតយ៉ាងអាណោចអាធ័ម ដោយសង្ស័យថា ការស្លាប់ខាងលើនេះ គឺបណ្ដាលមកពីធ្លាក់ពីលើដើមត្នោត ។ ករណីខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១៣ និង៣៥នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចខាងជើងភូមិត្រពាំងអណ្តូងចម្ងាយប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងអណ្តូង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ កែវ លាក់ ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរ កសិករឡើងត្នោត រស់នៅភូមិ-ឃុំកើតហេតុ ។ មានប្រពន្ធឈ្មោះព្រំ សំអុល អាយុ ៥៦ឆ្នាំ មុខរបរកសិករ ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះឈ្មោះព្រំ សំអុល អាយុ ៥៦ឆ្នាំ មុខរបរកសិករបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាប្ដីបានដើរចេញពីផ្ទះទៅឡើងត្នោត ដោយបាត់យូរពេកស្រ្ដីជាប្រពន្ធមានការងឿងឆ្ងល់ និងព្រួយបារម្ភផងនោះ ក៏ទៅពឹងបងថ្លៃឲ្យជួយចេញរកមើល ស្រាប់តែឃើញជនរងគ្រោះស្លាប់ក្បែគុលត្នោត ភ្លាមនោះក៏ផ្អើលឆោឡោ និងរាយការណ៍ជូនសមត្ថកិច្ចជំនាញ ចុះមកធ្វើការពិនិត្យ កោសល្យវិច្ច័យ រួចបញ្ជាក់ថា ការស្លាប់របស់ជនរងគ្រោះ គឺបណ្ដាលមកពីធ្លាក់ពីលើដើមត្នោត ។ ក្រោយពីពិនិត្យរួច សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖