ខេត្តព្រៃវែង ៖ គម្រោងការដេញថ្លៃ ចំនួន៦ បានដាក់ឲ្យដេញថ្លៃ នៅក្នុង សាលាស្រុកពោធិ៍រៀង រួមមាន ឃុំពោធិ៍ រៀង, ឃុំព្រែកជ្រៃ, ឃុំកំពង់ឫស្សី, ឃុំព្រែក តាសរ, ឃុំព្រៃកន្លោង និងឃុំព្រែកអន្ទះ ក្នុងរង្វង់ទឹកប្រាក់១០០លានរៀលប្រហាក់ ប្រហែលគ្នា។ រីឯគម្រោងដាក់ឲ្យដេញថ្លៃជួសជុលផ្លូវលំ នៅក្នុងស្រុកពោធិ៍រៀង ខេត្ត ព្រៃវែង បានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។ ការដេញថ្លៃគម្រោង ជួសជុលទាំងនោះ បានដាក់ឲ្យដេញទៅ តាមម៉ោងកំណត់ ប៉ុន្តែបែរជាមានរឿងរ៉ាវមិន ប្រក្រតី មានភាពរញ៉េរញ៉ៃ មានការតវ៉ាពីក្រុមហ៊ុនដេញថ្លៃ ហើយថែមទាំងមានការ ដូរឯកសារ នៅនឹងមុខគណៈកម្មការមានទាំងការរារាំងមិនឲ្យដាក់សំណើដោយមិន ខ្លាចញញើតឡើយ ទើបធ្វើឲ្យការដេញថ្លៃ មិនមានតម្លាភាពទាល់តែសោះ។
ជាក់ស្តែងគម្រោងដេញថ្លៃជួសជុលផ្លូវលំមួយខ្សែ ក្នុងឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ដែលឈ្មោះហេង ឡេង ជាម្ចាស់ក្រុមហ៊ុន សុិន សុជាតិ បានរារាំង មិនឲ្យក្រុមហ៊ុនដទៃ ដែលមានបំណងចង់ដាក់សំណើទៅក្នុងប្រអប់ឃុំរបស់ខ្លួន និងចរចាថ្លៃទឹកតែ ដើម្បីជាថ្នូរ នៃការមិនដាក់សំណើ។ លើស ពីនេះទៅទៀត ក្រុមហ៊ុនដដែលនេះ បាន ដូរឯកសារនៅមុខគណៈកម្មការប្រធាន លទ្ធកម្ម ដែលខុសនឹងច្បាប់គម្រោងដេញ ថ្លៃ។
បើទោះជាគណៈកម្មការ ឬប្រធាន លទ្ធកម្មមើលឃើញក៏ដោយ តែគម្រោង មួយនេះនៅតែទទួលបានជោគជ័យ ហាក់ ដូចជាត្រូវថ្នាំគេទៅហើយ ដោយតម្លៃប៉ាន់ ស្មាន 98.719.465រៀល ដេញចុះត្រឹម 81.522.290រៀល ហើយក៏ត្រូវរ៉ូវគ្នា ខណៈតាមឃុំនីមួយៗ ចុះពីមួយ១០០លាន សល់ត្រឹមតែ៥០លានតែប៉ុណ្ណោះ។
ប្រជាពលរដ្ធសង្ឃឹមថា ការដេញថ្លៃនេះ នឹងធ្វើឲ្យពួកគាត់សប្បាយចិត្ត ខណៈបានផ្លូវល្អស្អាតថ្មី ក្នុងឃុំរបស់ខ្លួន សម្រាប់សម្រួលដល់ការធ្វើដំណើរ និងដឹកកសិផល ទៅលក់លើទីផ្សារ ក្នុងស្រុកផងដែរ។ ផ្ទុយ ទៅវិញ ការដេញថ្លៃនេះបែរជាមានភាព រញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់ ដូរឯកសារ ធ្វើឲ្យពួកគាត់អស់សេចក្តីទុកចិត្តទៅលើ អស់លោកទៅវិញ ព្រោះកន្លងមក ផ្លូវធ្វើ ហើយបានតែបន្ដិច ក៏ខូចអស់ទៅវិញ។ ពោលគឺធ្វើមិនទាន់បាន១ឆ្នាំផង ក៏ខូចអស់ ជាហេតុធ្វើឲ្យខាតបង់ដល់ថវិកាជាតិយ៉ាងច្រើន ព្រោះការចំណាយថវិកា គឺបានមក តែលើអស់លោកមួយចំនួន ដែលអនុវត្ត មិនបានល្អ ។
ទោះជាយ៉ាង ពលរដ្ឋនៅតែសង្ឃឹមថា លោកអភិបាលខេត្តព្រៃវែង ជា សុមេធី នឹងត្រួតពិនិត្យមើលពីបញ្ហានេះ ដើម្បីកុំឲ្យ ពួកក្រុមហ៊ុនទាំងនោះ ឆ្លៀតឱកាសកេង ចំណេញ ហើយធ្វើឲ្យផ្លូវមិនមានគុណភាព៕ ហេង នរិន្ទ្រ