ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពតថាការបោះបង្គោលចូលសមុទ្រជាដីស្របច្បាប់របស់ពលរដ្ឋ

ចែករំលែក៖

ខេត្តកំពត ៖ ពាក់ព័ន្ធនឹងការបោះ បង្គោលចូលសមុទ្រ នៅក្នុងខេត្តកំពតត្រូវ​ បានលោក វីល្លាម ដែលជាអ្នកខ្នះខ្នែង ក្នុង​រឿងនេះតាំងពីដើមរៀងមកនោះនៅ​យប់ថ្ងៃទី២៧ ខែឧសភានេះ លោកបាន សរសេរ​លើហ្វេសប៊ុកថា លោក​​អភិបាល​ខេត្តកំពតបានបញ្ជាក់ថា ដីនោះគឺមានប្លង់កម្មសិទ្ធិស្របច្បាប់ របស់ប្រជា​ពល​រដ្ឋ ហើយ​​លោកក៏បានលើកឡើង​បន្ថែម​ថា នឹងចុះ​ស្រាវជ្រាវបន្ថែមទៀត ដើម្បី​ដោះ​ស្រាយ​​បំភ្លឺ​ចម្ងល់នេះ ជូនមហាជនឲ្យបានជ្រាបកាន់តែច្បាស់។

បើតាមលោកវីល្លាមបានដកស្រង់សំដីលោក ជាវ តាយ អភិបាលខេត្តកំពត មក​បញ្ជាក់ថា ចំពោះករណីបោះបង្គោលចូលសមុទ្រនៅភូមិបឹងតាព្រាម សង្កាត់ត្រេីយ​កោះ ក្រុងកំពត ខេត្តកំពត ជាដីមានកម្ម សិទ្ធិស្របច្បាប់របស់ពលរដ្ឋ ។

លោកអភិបាលខេត្តកំពតបានលើក​ឡើងថា យេីងខ្ញុំនឹងប្រេីសមត្ថកិច្ចតាមដានការអនុវត្តច្បាប់ចុះពិនិត្យចំពោះបញ្ហានេះបន្ថែមដេីម្បីឲ្យពលរដ្ឋអស់ចម្ងល់ ក្រោយ​ទទួលបានការបំភ្លឺនេះជា​មូលដ្ឋានស្រាវ​ជ្រាវ ។

អភិបាលខេត្តកំពត លោក ជាវ តាយ បានប្រកាសថា ដីក្នុងសមុទ្រ នៅភូមិបឹង​តាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត នៅខាងកើតភ្នំដូង ក្នុងសមុទ្រខេត្តកំពត ដែលគេបោះបង្គោលក្នុងទឹក ដើម្បីកំណត់​ព្រំដីនោះ គឺជាដី និងទឹក ដែលមានបណ្ណ​កម្មសិទ្ធិស្របច្បាប់ តាំងពីឆ្នាំ២០០៨ មក​ម្លេ៉ះ។ ដីសមុទ្រនោះ ជាប្រភេទអ៊ូបង្គារបស់​ប្រជាពលរដ្ឋ១២គ្រួសារ ដោយនៅពេល​ថ្មីៗនេះ ត្រូវបានគេបោះបង្គោលក្នុងទឹក​សមុទ្រ ដើម្បីកំណត់ព្រំដែន ក៏ត្រូវបានគេថតបង្ហោះតាមហ្វេសប៊ុក ក្នុងរយៈពេល​ប៉ុន្មានថ្ងៃនេះ។

នៅក្នុងសន្និសីទកាសែត នៅសាលា​ខេត​្តកំពត កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០១៩ លោក ជាវ តាយ អភិបាលខេត្ត​កំពត បានប្រកាសថា ផ្អែកតាមរបាយ​ការណ៍របស់រដ្ឋបាលក្រុងកំពត និងមន្ត្រី​ជំនាញ ដែលបានចុះសិក្សាស្រាវជ្រាវ ជាមួយគ្រប់ផ្នែកពាក់ព័ន្ធ បង្ហាញថា ដី​សមុទ្រទំហំ៤៥,៦១៤ហិកតា ស្ថិតនៅ​ភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុង​កំពត ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ១២​គ្រួសារ ដែលជាអ៊ូបង្គា។ នៅឆ្នាំ២០០៨ ប្រជាពលរដ្ឋទាំងនោះ បានដាក់សំណើ តាម​រយៈអាជ្ញាធរសង្កាត់ ក្រុង និងខេត្ត ចូលទៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីធ្វើ​បណ្ណកម្មសិទ្ធិស្របច្បាប់។ ដូច្នេះ ប្រជា​ពល​រដ្ឋទាំង១២គ្រួសារ ទទួលបានបណ្ណ​កម្ម​សិទ្ធិស្របច្បាប់ លើដីសមុទ្រទាំងនោះ ចាប់ពីតាំងពីឆ្នាំ២០០៨ មក។

ជាមួយនឹងការប្រកាសពីភាពស្រប​ច្បាប់លើដីឆ្នេរសមុទ្រ ជាកម្មសិទ្ធិឯកជន​នោះ អភិបាលខេត្តកំពត លោក ជាវ តាយ ក៏បានបញ្ជាក់ថា នៅពេលបច្ចុប្បន្ន ម្ចាស់​កម្មសិទ្ធិលើដីសមុទ្រទាំងនោះ បានបោះ​បង្គោល​កំណត់ព្រំទឹក និងព្រំដី ដើម្បី​ឱ្យ​ជំនាញ ចុះទៅកំណត់តាមបណ្ណ មុននឹង ​ចាប់ផ្តើមអភិវឌ្ឍជាមណ្ឌលទេសចរណ៍​ធម្ម​​ជាតិ ឬទេសចរណ៍កែច្នៃ៕


ចែករំលែក៖