ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអន្តរាគមន៍ពិសេស ខណ្ឌពោធិ៍សែនជ័យរបួស៣នាក់ ខណៈដេញចោរឆក់

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងអន្តរាគមន៍ពិសេសនៃនគរបាល ខណ្ឌពោធិ៍សែនជ័យបានរងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ ខណៈប្រដេញជនសង្ស័យជាមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ និងឃាត់ជនសង្ស័យពីរនាក់ចំណែកបក្ខពួក២នាក់ទៀតកំពុងគេចខ្លួន ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៣០ ខែឧសភា​ ឆ្នាំ២០១៩​ នៅផ្លូវបេតុង​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។

សមត្ថកិច្ចបញ្ជាក់ថា ជន​សង្ស័យទី១​ ឈ្មោះ​ ប៉ិច​ សារ៉ាត់​ ភេទ​ប្រុស​ អាយុ​ ១៧ ឆ្នាំ​មុខរបរ​ លើក​ទឹក​សុទ្ធ​ រស់នៅ​ ភូមិ​គោគ​ ព្រេជ​ សង្កាត់​សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ ។ ទី២ឈ្មោះ ផូ សុផាត​ ភេទប្រុស អាយុ១៧ ឆ្នាំ​ មុខរបរ​សិស្ស​ រស់នៅ​ ភូមិ​ ត្រពាំង​ធ្នង់ សង្កាត់​ ក្រាំង​ធ្នង់​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា​ មុនកើតហេតុកម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ​ បានចុះល្បាតពួនស្ទាក់បទល្មើសក្នុងមូលដ្ឋានដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ​ ដោយមានការបញ្ជាផ្ទាល់ពីលោក​ យឹម​ សារ៉ាន់​ អធិការនគរបាល ខណ្ឌ​ ដោយល្បាតដំបន់ងាយរងគ្រោះនៅលើដងផ្លូវជាតិលេខ៤​ សង្កាត់ចោមចៅទី៣​ ស្រាប់តែជួបជនសង្ស័យជាមុខសញ្ញាចាស់មានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងទើបបោះដៃតាមវិទ្យុទាក់ទងកម្លាំងទូទាំង ខណ្ឌ និងប្រដេញស្ទើរតែពេញមួយ ខណ្ឌអស់រយះពេលជិតមួយម៉ោង ទើបជនសង្ស័យជិះបុកម៉ូតូកម្លាំងនគរបាលបណ្តាលឲ្យដួលរងរបួសធ្ងន់ម្នាក់ស្រាល២នាក់ និងឃាត់បានជនសង្ស័យ២នាក់ចំណែក២នាក់ទៀតគេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ ជនរងគ្រោះជាកម្លាំងសមត្ថកិច្ចត្រូវបានបញ្ជូនទៅសង្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយឡែកជនសង្ស័យត្រូវបាននាំទៅសាកសួរបន្ត ៕ សុខាសែនជ័យ​


ចែករំលែក៖