ខេត្តព្រះសីហនុ៖ ក្រុមការងារចុះជួយតំបន់សហគមន៍ខ្មែរឥស្លាម ទូទាំង ខេត្តព្រះសីហនុ ដឹកនាំដោយ លោក សេន ណាស៊ី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង លោកកៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិកាក្រសួងព័ត៌មាន បានអញ្ជើញសំណេះ សំណាល និងនាំយក ថវិការបស់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តព្រះសីហនុ ចំនួន ១៧លានរៀល ឧបត្ថម្ភជូនសហគម ន៍ខ្មែរ ឥស្លាម ជូនព្រះវិហារឥស្លាមទាំង១៧ ទូទាំង ខេត្តព្រះ សីហនុសម្រាប់ដោះស្រាយរៀបចំពិធីទទួលទានអាហារស្រាយបួសរ៉ាម៉ាឌនសាមគ្គីនៅតាមព្រះវិហារនីមួយៗ ផងដែរ ។
ជំនួបសំណេះសំណាល និងឧបត្ថម្ភថវិកានេះ បានធ្វើឡើងនារសៀល ថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវ នឹង ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅព្រះវិហារឥស្លាម ភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលទទួលស្វាគមន៍ដោយ ហាកឹមតួនតំណាងពីព្រះវិហារទាំង១៧ សមាជិក ក្រុមការងារចុះជួយតំបន់ខ្មែរឥស្លាម ខេត្តព្រះសីហនុ ។
ក្នុងពិធីសំណេះសំណាលនេះ លោក សេន ណាស៊ី បានផ្តាំផ្ញើ សាកសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលលោក តែងតែយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាសហគមន៍ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាតែមួយ ដោយមិនប្រកាន់ជំនឿសាសនានោះឡើយ ។
មុននឹងឈានដល់ទិវា បុណ្យឆ្លង ខែរ៉ាម៉ាឌនអ៊ីតហ្វីតរី Eid Fitri ដែល និងប្រព្រឹត្តិទៅកំឡុង ថ្ងៃទី៤ និងទី៥ ខែមិថុនា ឆ្មាំ២០១៩ ក្នុងនាមលោករដ្ឋមន្រ្តីប្រធានក្រុមការងារ លោក អនុរដ្ឋលេខាធិការបានជូនពរដល់សាសនិកឥស្លាមទូទាំងប្រទេស និយាយដោយឡែកបងប្អូននៅក្នុង ខេត្តព្រះសីហនុ សូមទទួលបានសេចក្តីសុខសម្បូរសប្បាយចម្រុងចម្រើន ទទួលបានផលបុណ្យកុសល្យល់សលប់កុំឃ្លៀងឃ្លាត ឡើយ ៕ សំរិត